ខណៈដែលអត្រាលែងលះនៅបណ្តាប្រទេសជាច្រើនកំពុងកើនឡើង អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរនៅតែរក្សាបាននូវភាពរឹងមាំ និងគង់វង្ស។ តាមការបញ្ជាក់របស់ បណ្ឌិត ស៊ុំ ឈុំឡុង អាថ៌កំបាំងសំខាន់មួយនៃសេចក្តីសុខក្នុងគ្រួសារខ្មែរ គឺបានមកពី «បទចម្រៀងភ្លេងការ»ផង និងការស្រលាញ់ឱតម្លៃគ្នាផង។ តើការរៀបអាពាហ៍ពិពាហ៍ខ្មែរ ចំណងមង្គលខ្មែរ មានអ្វីពិសេស ទើបរុញអត្រាលែងលះឲ្យនៅទាបជាងបណ្ដាប្រទេសជាច្រើនដូច្នេះ?

ភ្លេងការខ្មែរមិនមែនគ្រាន់តែជាតន្ត្រីកម្សាន្តក្នុងពិធីប៉ុណ្ណោះទេ ប៉ុន្តែគ្រប់បទចម្រៀងទាំងអស់សុទ្ធតែបានបង្កប់នូវគុណធម៌ និងការអប់រំយ៉ាងជ្រាលជ្រៅ ដោយបានដាស់តឿនចិត្តកូនប្រុសស្រីឱ្យនឹកឃើញដល់គុណបំណាច់ដ៏ធំធេងរបស់អ្នកមានគុណទាំងសងខាង។វាបានទូន្មានឱ្យគូស្វាមីភរិយាចេះផ្តល់កិត្តិយស ស្មោះត្រង់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

សារអប់រំទាំងនេះបានជ្រាបចូលយ៉ាងជ្រៅក្នុងអារម្មណ៍ នៅពេលជួបការរកាំរកូសក្នុងជីវិតគូ ភ្លេងការ និងប្រពៃណីមង្គលការ តែងតែដើរតួជា “សតិរំលឹក” ជួយឃាត់ឃាំងអារម្មណ៍ឆេវឆាវ មិនឱ្យបោះបង់គ្នាតាមអំពើចិត្ត។
បច្ចុប្បន្ន បទចម្រៀងភ្លេងការខ្មែរដែលត្រូវបានប្រមូលផ្តុំ និងចងក្រងមានរហូតដល់ ១៨៨ បទ។ បទនីមួយៗត្រូវប្រគំឡើងតាមលំដាប់លំដោយនៃក្បួនខ្នាតពិធីការ ដែលជាខ្សែចំណងផ្លូវចិត្តចងភ្ជាប់មនុស្សពីរនាក់ឱ្យយល់ច្បាស់ពីតម្លៃនៃពាក្យថា «គ្រួសារ»។

ឃើញទេ អាពាហ៍ពិពាហ៍ខ្មែរមិនត្រឹមតែជាការរួមរស់រវាងមនុស្សពីរនាក់នោះទេ ប៉ុន្តែជាការចងភ្ជាប់ដោយប្រពៃណី សីលធម៌ និងការទទួលស្គាល់ពីចាស់ទុំ។ សំឡេងភ្លេងការដ៏ល្វើយៗ គឺជាឱសថទិព្វផ្លូវចិត្តដែលជួយឱ្យគូស្នេហ៍ខ្មែរកាន់ដៃគ្នាឆ្លងកាត់រាល់ឧបសគ្គជីវិតបានយ៉ាងគង់វង្ស៕

