ស្នេហាឆ្លងកាត់សម័យកាល៖ តើស្នេហាសម័យមុនបារាំង សម័យបារាំង និងសម័យបច្ចេកវិទ្យាខុសគ្នាបែបណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារឿងស្នេហារបស់បុព្វបុរសយើងពីអតីតកាល អង្រួនចិត្ត និងជ្រាលជ្រៅខ្លាំងម្ល៉េះ? បើក្រឡេកមើលថយក្រោយក្នុងសម័យបុរាណមុនសម័យបារាំង សេចក្តីស្រឡាញ់រវាងកំលោះក្រមុំគឺស្ថិតក្រោមក្របខ័ណ្ឌប្រពៃណីដ៏តឹងរ៉ឹងបំផុត រហូតដល់ពេលដែលឥទ្ធិពលលោកខាងលិចចាប់ផ្តើមហូរចូលមកក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ ១៨៦៣-១៩៥៣ ដែលធ្វើឱ្យទិដ្ឋភាពស្នេហា ប្ដូរមកមានភាពទន់ភ្លន់ និងរ៉ូមែនទិកបន្តិច។ ចុះបើប្រៀបធៀបជាមួយសម័យបច្ចេកវិទ្យាវិញ តើដំណើរការនៃបេះដូងទាំងបីសម័យកាលនេះខុសគ្នាយ៉ាងដូចម្តេចខ្លះ? ដូចនេះសូមតាមដានជាមួយ មង្គលសិរី ទាំងអស់គ្នា ។

សម័យមុនសម័យបារាំង

ក្នុងសម័យកាលបុរាណមុនពេលឥទ្ធិពលបារាំងចូលមកដល់ ទំនាក់ទំនងរវាងកំលោះក្រមុំគឺស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ឪពុកម្តាយ និងចាស់ទុំក្នុងគ្រួសារ ដោយយុវជននិងយុវតីគ្មានឱកាសបានជួបគ្នា ឬនិយាយគ្នាតែពីរនាក់ដោយសេរីឡើយ។ រាល់ការរៀបការភាគច្រើនត្រូវបានរៀបចំឡើងទាំងស្រុងដោយឪពុកម្តាយជាអ្នកផ្សំផ្គុំ។នារីខ្មែរត្រូវបានអប់រំឱ្យរក្សាខាន់ស្លា និងចរិយាសម្បត្តិយ៉ាងខ្ជាប់ខ្ជួន។ ប្រសិនបើបុរសណាម្នាក់មានសេចក្តីស្រឡាញ់ចំពោះនារី គឺត្រូវតែចូលតាមផ្លូវការ ដោយឱ្យចាស់ទុំចូលទៅដណ្តឹងតាមប្រពៃណីយ៉ាងតឹងរ៉ឹង។

សម័យអាណានិគមបារាំង

លុះចូលមកដល់សម័យអាណានិគមបារាំង វប្បធម៌លោកខាងលិចបានចាប់ផ្តើមហូរចូលមកបន្តិចម្តងៗ ដែលធ្វើឱ្យជីវិតសង្គមមានការប្រែប្រួល ប៉ុន្តែផ្នត់គំនិតប្រពៃណីក៏នៅតែមានឥទ្ធិពលខ្លាំងដែរ ដោយសារមិនទាន់មានសេរីភាពជួបគ្នាដោយបើកចំហ យុវវ័យបានប្រើប្រាស់វិធីសាស្ត្រលួចមើលគ្នាពេលបុណ្យទាន ឬសរសេរសំបុត្រស្នេហាអមដោយកំណាព្យផ្ញើតាមរយៈមិត្តភក្តិទុកចិត្ត។នៅតាមទីក្រុងធំៗដូចជាភ្នំពេញ គូស្នេហ៍ចាប់ផ្តើមមានឱកាសបានទៅមើលកុន ដើរលេងមាត់ទន្លេ ឬចូលហាងកាហ្វេបែបបារាំងដើម្បីមើលចិត្តគ្នា ប៉ុន្តែទោះជាយ៉ាងណា គឺត្រូវមានបងប្អូន ឬម៉ែដោះដើរតាមឃ្លាំមើលជាប់ជានិច្ច ដើម្បីការពារកិត្តិយសគ្រួសារ។

សម័យបច្ចុប្បន្ន

ផ្ទុយស្រឡះពីអតីតកាល យុវជននិងយុវតីក្នុងសម័យឌីជីថលបច្ចុប្បន្នទទួលបានសេរីភាពយ៉ាងពេញលេញក្នុងការស្វែងយល់ចិត្តគ្នា តាមរយៈទូរសព្ទដៃ និងបណ្តាញសង្គម (Facebook, Telegram, Instagram ជាដើម) គូស្នេហ៍ផ្ញើសារ វីដេអូខល និងបង្ហាញក្តីស្រឡាញ់ដាក់គ្នាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។យុវវ័យសម័យនេះមានសិទ្ធិពេញលេញក្នុងការជ្រើសរើសគូជីវិតដោយខ្លួនឯង តាមរយៈការសេពគប់ ការស្វែងយល់ចិត្តគ្នា និងការណាត់ជួបដើរលេងដោយសេរី ដោយពុំសូវមានភាពតឹងរ៉ឹងពីចាស់ទុំខ្លាំងពេកដូចសម័យមុនឡើយ។

ទោះបីជាសម័យកាលបានវិវត្តពីភាពតឹងរ៉ឹងដាច់ខាតក្នុងសម័យបុរាណ មកជាភាពអៀនប្រៀននិងរ៉ូមែនទិកបែបប្រពៃណីលាយឡំលោកខាងលិចក្នុងសម័យបារាំង និងបន្តមកដល់សេរីភាពដ៏ទូលំទូលាយក្នុងសម័យបច្ចុប្បន្នក៏ដោយ ក៏អត្ថន័យនៃ «សេចក្តីស្រឡាញ់» នៅតែទាមទារនូវការឱ្យតម្លៃ ការយល់ចិត្ត និងការគោរពគ្នាទៅវិញទៅមកជានិច្ច។

តើអ្នកគិតថាស្នេហាដែលឆ្លងកាត់ការលាក់បាំង និងរង់ចាំយ៉ាងយូរក្នុងសម័យអតីតកាល មានភាពផ្អែមល្ហែមជាងស្នេហាសម័យបច្ចុប្បន្ន ដែរឬទេ?

Discover

Sponsor

spot_imgspot_img

Latest

អាថ៌កំបាំងសុភមង្គលគ្រួសារ របស់អតីតពិធីការិនីទូរទស្សន៏ លីចាន់ដាលីស ដែលជាគំរូគ្រួសារដ៏ល្អក្នុងរង្វង់សិល្បៈ

អាថ៌កំបាំងសុភមង្គលគ្រួសារ របស់អតីតពិធីការិនីទូរទស្សន៏ លីចាន់ដាលីស មានសុភមង្គល ខុសពីគូស្នេហ៏ផ្សេងៗ

នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ