ពាក្យចាស់តែងពោលតៗគ្នាថា «ស្នេហាខុសវ័យពិបាកចុះសម្រុងនឹងគ្នា» តើទស្សនៈនេះនៅតែត្រឹមត្រូវទាំងស្រុងសម្រាប់សម័យបច្ចុប្បន្នដែរឬទេ? ខណៈដែលមនុស្សជាច្រើននៅតែស្ទាក់ស្ទើរនៅពេលជួបដៃគូដែលមានគម្លាតអាយុឆ្ងាយពីគ្នា ជាពិសេសនៅពេលខាងស្រីមានវ័យច្រើនជាងខាងប្រុស ប៉ុន្តែគូស្វាមីភរិយាល្បីៗទាំង ៤ គូនេះ បានបង្ហាញឱ្យមហាជនឃើញយ៉ាងច្បាស់ថា «អាយុ» មិនមែនជារបាំងរារាំងសុភមង្គលឡើយ ផ្ទុយទៅវិញ ពួកគាត់បែរជាអាចកសាងជីវិតគ្រួសារដ៏ផ្អែមល្ហែម និងរឹងមាំគួរឱ្យស្ញប់ស្ញែងថែមទៀតផង។
ការដែលចាស់ទុំតែងលើកឡើងថា ស្នេហាខុសវ័យមិនសូវល្អ ភាគច្រើនគឺកើតចេញពី ក្តីបារម្ភដោយស្មោះត្រង់ ចំពោះភាពខុសគ្នានៃផ្នត់គំនិត ដំណាក់កាលជីវិត និងការទទួលខុសត្រូវ ដែលអាចធ្វើឱ្យដៃគូទាំងសងខាងពិបាកសម្របខ្លួន និងយល់ចិត្តគ្នា។ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃចំណងស្នេហាមួយមិនបានអាស្រ័យលើតួលេខអាយុទាំងស្រុងនោះទេ ប៉ុន្តែវាអាស្រ័យលើ របៀបដែលមនុស្សពីរនាក់សម្របខ្លួន និងយល់ចិត្តគ្នា។ ការស្តាប់ដំបូន្មានរបស់ចាស់ៗ គឺជារឿងដ៏ល្អប្រពៃដើម្បីយកមកពិចារណា និងត្រៀមខ្លួនទុកជាមុន ប៉ុន្តែសុភមង្គលពិតប្រាកដ គឺស្ថិតនៅលើការខិតខំប្រឹងប្រែង និងការយោគយល់គ្នារបស់អ្នកទាំងពីរផ្ទាល់។
ជាក់ស្តែង នៅក្នុងសង្គមសិល្បៈ និងអ្នកជំនួញ មានគូស្វាមីភរិយាជាច្រើនដែលភរិយាមានអាយុច្រើនជាងស្វាមីរាប់ឆ្នាំ ដោយអ្នកខ្លះស្វាមីមានអាយុប្អូនដល់ទៅ ៤ឆ្នាំ ៦ឆ្នាំ ១០ឆ្នាំ ឬ១២ឆ្នាំ ១៤ឆ្នាំក៏មាន ប៉ុន្តែពួកគាត់នៅតែអាចរួមរស់នៅជាមួយគ្នាយ៉ាងល្អូកល្អើន ពេញដោយក្តីសុខ និងសុភមង្គល មិនចាញ់គូស្នេហ៍ដទៃឡើយ ដោយក្នុងនោះរួមមាន៖
អ្នកនាង ខាត់ សុឃីម និងស្វាមី ទោះបីជាស្វាមីរបស់អ្នកនាងមានអាយុប្អូនប្រហែលជា៤ឆ្នាំក៏ដោយ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញពីភាពផ្អែមល្ហែម ការចេះយល់ចិត្ត និងរក្សាបាននូវសុភមង្គលយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។

អ្នកនាង អាញ់ ធាន និងស្វាមី គូស្នេហ៍មួយគូនេះមានគំលាតអាយុ ប្រហែលជា១០ឆ្នាំ ប៉ុន្តែអ្នកទាំងពីរបានបង្ហាញឱ្យឃើញពីការយល់ចិត្តគ្នា និងការរួមរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ដោយមិនយកគម្លាតវ័យមកធ្វើជាឧបសគ្គក្នុងជីវិតគ្រួសារឡើយ។

អ្នកនាង គង់ សុខជាតិ និងលោក ជា វិបុល ជាគូស្នេហ៍សិល្បៈដ៏មានប្រជាប្រិយភាព ដែលមានគម្លាតវ័យខុសគ្នាអាចប្រហែលជា៧ឆ្នាំ ប៉ុន្តែអ្នកទាំងពីរតែងតែរួមរស់នៅយ៉ាងល្អូកល្អើន និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

លោកស្រី ទ្រី ដាណា និងស្វាមី ទោះបីជាមានស្វាមីជាប្អូនច្រើនឆ្នាំក៏ដោយ ក៏លោកស្រី និងស្វាមីនៅតែអាចរក្សាជីវិតគ្រួសារដ៏កក់ក្តៅ យល់ចិត្តគ្នា និងពោរពេញដោយសុភមង្គលគួរឱ្យកោតសរសើរ។

រឿងរ៉ាវរបស់គូស្នេហ៍ទាំង ៤ គូនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ដែលបញ្ជាក់ថា នៅពេលដែលដៃគូមានភាពចាស់ទុំក្នុងការគិត ចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ទោះបីជាអាយុខុសគ្នាប៉ុណ្ណាក៏ដោយ ក៏ស្នេហានៅតែអាចរីកលូតលាស់ និងស្ថិតស្ថេរយូរអង្វែងបានយ៉ាងពិតប្រាកដ៕

