ពីលុយជាប់ខ្លួនត្រឹម ២០០ ដុល្លារ រហូតមកកាន់ដៃគ្នាតស៊ូពីបាតដៃទទេ! រឿងរ៉ាវស្នេហាឆ្លងដែនរវាងនារីអាមេរិក Shanae Lael និងស្វាមីជាជនជាតិខ្មែរ កំពុងតែធ្វើឱ្យមហាជនជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ចំពោះភក្តីភាព និងការខិតខំប្រឹងប្រែងតស៊ូនិងជួយគ្នាទៅវិញទៅមក ឆ្លងកាត់ទុក្ខលំបាកគ្រប់បែបយ៉ាង រហូតបង្កើតបានជាគ្រួសារដ៏កក់ក្តៅនិងមានសុភមង្គល ហើយជីវភាពធូរធារដូចសព្វថ្ងៃ។

កាលដើមឡើយ អ្នកស្រី Shanae Lael បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយបំណងដើមឡើយគឺស្នាក់នៅត្រឹមតែ ៦ ខែប៉ុណ្ណោះ ហើយមានថវិកាជាប់ខ្លួនប្រមាណ ២០០ ទៅ ៣០៣ ដុល្លារ។ ប៉ុន្តែពេលវេលាចេះតែកន្លងផុតទៅ ថវិកាក៏កាន់តែខ្សត់ខ្សោយ រហូតដល់ជួបប្រទះការខ្វះខាតជាខ្លាំង។នៅក្នុងគ្រាដ៏លំបាកនោះ មានតែស្វាមីដែលជាជនជាតិខ្មែរម្នាក់គត់នៅក្បែរ និងខិតខំធ្វើការងារទទួលបានប្រាក់ខែតិចតួចត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះក្នុងការជួយដោះស្រាយជីវភាពរបស់នាង។ទោះបីជាថវិកាតិចតួចយ៉ាងណាក៏ដោយ ក៏ស្វាមីរូបនេះបានយកមកទិញនំចំណីចែករំលែកគ្នាហូប ស្ពាយទុក្ខធុរៈ និងមើលថែទាំរូបនាងដោយស្មោះស្ម័គ្រ និងមិនដែលបោះបង់ចោលគ្នានៅក្នុងគ្រាលំបាកបំផុតនោះឡើយ។

ចេញពីស្នេហាដែលស្តែងចេញពីទឹកចិត្តបរិសុទ្ធ អ្នកទាំងពីរបានកាន់ដៃគ្នាតស៊ូរហូតបង្កើតបានចំណងដៃកូនប្រុសស្រីចំនួន ២ នាក់យ៉ាងគួរឱ្យស្រឡាញ់ និងបានសម្រេចចិត្តរស់នៅកសាងសេចក្តីសុខជាមួយគ្នានៅក្នុងខេត្តបាត់ដំបង។ គិតមកទល់ពេលនេះ ចំណងស្នេហ៍របស់ពួកគេមានរយៈពេល ៩ ឆ្នាំ មកហើយ។
ការរស់នៅជាមួយគ្នាកាន់តែយូរ អារម្មណ៍យល់ចិត្ត និងការខិតខំប្រឹងប្រែងក៏កាន់តែខ្លាំងឡើងៗទោះបីជាកាលដើមឡើយគ្មានដើមទុនគ្រប់គ្រាន់ក៏ដោយ អ្នកទាំងពីរបានខិតខំសន្សំសំចៃ និងតស៊ូបន្តិចម្តងៗ រហូតអាចបើកអាជីវកម្មផ្ទាល់ខ្លួន គឺកន្លែងហាត់ប្រាណ (Gym) មួយកន្លែងដោយជោគជ័យ។ ចាប់តាំងពីចាប់ដៃគ្នាមក ជីវភាពគ្រួសាររបស់អ្នកទាំងពីរបានប្រែប្រួលកាន់តែធូរធារឡើងៗ ហើយក្តីស្រឡាញ់ក៏កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
កន្លងមក មតិមួយចំនួនតែងតែយល់ថា វាជាstory កម្រមួយដែលបុរសខ្មែរដែលគ្មានទ្រព្យសម្បត្តិ អាចរៀបការជាមួយនារីបរទេសបាន ប៉ុន្តែសម្រាប់ Shanae Lael នាងបានលើកឡើងយ៉ាងច្បាស់ៗអំពីមូលហេតុដែលនាងសម្រេចចិត្តជ្រើសរើសស្វាមីរូបនេះ។

Shanae បានបញ្ជាក់ថា ស្វាមីរបស់នាងជាបុរសដែលមានទឹកចិត្តល្អបរិសុទ្ធ ចេះជួយយកអាសា ចេះមើលថែទាំ រួមសុខរួមទុក្ខ និងមិនដែលចោលគ្នាក្នុងគ្រាលំបាកឡើយ។ ចំណុចអត្តចរិត និងទឹកចិត្តដ៏ល្អប្រពៃនេះហើយ ដែលជាគ្រឹះយ៉ាងរឹងមាំធ្វើឱ្យអ្នកទាំងពីរអាចរស់នៅជាប្តីប្រពន្ធ និងកាន់ដៃគ្នាយ៉ាងមានសុភមង្គលរហូតមកដល់សព្វថ្ងៃ។

រឿងរ៉ាវស្នេហារបស់ Shanae Lael និងស្វាមី បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា សេចក្តីសុខ និងសុភមង្គលពិតប្រាកដក្នុងជីវិតអាពាហ៍ពិពាហ៍ មិនមែនស្ថិតនៅលើទ្រព្យសម្បត្តិ ឬលុយកាក់តែមួយមុខនោះទេ ប៉ុន្តែវាផ្តើមចេញពីមនុស្សពីរនាក់ដែលកាន់ដៃគ្នាយ៉ាងរឹងមាំ មិនបោះបង់គ្នាក្នុងគ្រាលំបាក និងរួមគ្នាតស៊ូដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង៕

