ក្នុងសង្គមបច្ចុប្បន្ន ពិធីមង្គលការគឺជាថ្ងៃដ៏មានសិរីសួស្តី និងជាថ្ងៃដ៏មានតម្លៃបំផុតសម្រាប់គូស្នេហ៍គ្រប់រូប ប៉ុន្តែផ្ទុយទៅវិញ ហេតុការណ៍ដែលនឹកស្មានមិនដល់ និងសែនកម្សត់ហួសចិត្តមួយ បានកើតឡើងនៅលើទឹកដីខេត្តកំពង់ធំ ដោយកូនកំលោះបានសម្រេចចិត្តមិនចូលខ្លួនក្នុងពិធីមង្គលការ និងសុំផ្ដាច់ពាក្យនៅចំថ្ងៃចូលរោងជ័យតែម្តង បន្សល់ទុកឱ្យកូនក្រមុំអង្គុយសំពះផ្ទឹមទាំងទឹកភ្នែកមុខទស្សនិកជន និងភ្ញៀវកិត្តិយស។
តើរឿងរ៉ាងទាំងនេះ មកពីមូលហេតុអ្វី?
យោងតាមការរៀបរាប់ពីសំណាក់ខាងកូនក្រមុំ បានឱ្យដឹងថា មូលហេតុចម្បងដែលធ្វើឱ្យកូនកំលោះសម្រេចចិត្តមិនមកចូលរួមក្នុងថ្ងៃសំខាន់នេះ គឺដោយសារតែខាងប្រុស ខឹង និងអន់ចិត្ត ដែលខាងស្រី ថាឱ្យខ្លួនមានស្រី ទើបធ្វើឱ្យខាងប្រុសបែរជាខឹងសម្បាបដិសេធមិនចូលរោងការទៅវិញ។ អ្វីដែលកាន់តែកម្សត់ទៅទៀតនោះគឺកូនក្រមុំរូបនេះមិនបានដឹងសូម្បីបន្តិចថាបុរសជាគូដណ្តឹងរបស់ខ្លួនមានគ្រួសាររួចជាស្រេចបាត់ទៅហើយនោះទេ ដោយទើបតែដឹងរឿងការពិតមុនថ្ងៃចូលរោងការត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃរៀបចំពិធី រោងការត្រូវបានសង់រួចរាល់ គ្រឿងបរិក្ខារ ម្ហូបអាហារ ភ្លេងការនិងការអញ្ជើញភ្ញៀវកិត្តិយសបានរៀបចំចប់សព្វគ្រប់អស់ទៅហើយដែលធ្វើឱ្យស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតនោះ ម្តាយ និងសាច់ញាតិខាងកូនស្រី ដើម្បីលួងលោមផ្លូវចិត្តកូន និងរក្សាភាពថ្លៃថ្នូរ ក៏សម្រេចចិត្តបន្តរៀបចំកម្មវិធីមង្គលការនេះរហូតដល់ចប់កម្មវិធីតែម្តង។
ជុំវិញហេតុការណ៍នេះមហាជនជាច្រើនបានចោទសួរថាតើហេតុផលអ្វីបានជាគ្រួសារខាងស្រីនៅតែបន្តរៀបចំពិធីរហូតដល់ចប់ទាំងឈឺចាប់បែបនេះ? ចម្លើយគឺអាចដោយសារតែការគោរពដល់ភ្ញៀវកិត្តិយសដែលបានចំណាយពេលមកចូលរួម និងដើម្បីកុំឱ្យបាត់បង់មុខមាត់ ក៏ដូចជាការប្រែក្លាយពិធីមង្គលការឱ្យទៅជាការជួបជុំញាតិមិត្តដើម្បីលើកទឹកចិត្ត និងលួងលោមផ្លូវចិត្តកូនក្រមុំឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

បើយោងតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ករណីដែលកូនកំលោះរត់ចោលរោងការ ឬមិនមកចូលរួមពិធីមង្គលការដែលបានរៀបចំរួចជាស្រេចនោះ មិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវមានទោសទណ្ឌជាប់ពន្ធនាគារឡើយ ប៉ុន្តែវាជាការរំលោភលើកិច្ចសន្យាខាងរដ្ឋប្បវេណី។ដូចនេះខាងស្រីមានសិទ្ធិពេញលេញក្នុងការប្តឹងទៅតុលាការផ្នែករដ្ឋប្បវេណី ដើម្បីទាមទារសំណងការខូចខាតពីខាងប្រុស ដោយផ្អែកលើទិដ្ឋភាពច្បាប់ដូចជា
១. ការទាមទារសំណងការខូចខាត (សំណងរដ្ឋប្បវេណី)
ដោយសារតែមិនទាន់មានការចុះសំបុត្រអាពាហ៍ពិពាហ៍ ចំណងប្តីប្រពន្ធមិនទាន់កកើតតាមច្បាប់នៅឡើយទេ ប៉ុន្តែការព្រមព្រៀងរៀបការ និងការបោះជំហានដល់ការរៀបចំរោងការ គឺស្មើនឹង «ការបំពានការសន្យា»។ ខាងស្រីអាចទាមទារ៖
- សំណងខូចខាតសម្ភារៈ៖ ទាមទារឱ្យខាងប្រុសសងរាល់ការចំណាយទាំងអស់ក្នុងការរៀបចំពិធីការ ដូចជា ថ្លៃជួលរោងការ ថ្លៃម្ហូបអាហារភេសជ្ជៈ ថ្លៃសម្អាងការ ថ្លៃថតរូប ថ្លៃធៀបការ និងប្រាក់កក់ផ្សេងៗដែលបានចំណាយរួច។
- សំណងខូចខាតផ្លូវចិត្ត និងកេរ្តិ៍ឈ្មោះ (ជំងឺចិត្ត)៖ ការបោះបង់ចោលក្នុងថ្ងៃការ ធ្វើឱ្យខាងស្រី និងក្រុមគ្រួសាររងការអាម៉ាស់ជាខ្លាំងចំពោះមុខភ្ញៀវកិត្តិយស និងសាធារណជន។ ខាងស្រីអាចទាមទារប្រាក់សំណងជំងឺចិត្តចំពោះការខូចខាតកេរ្តិ៍ឈ្មោះ និងការឈឺចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនេះ។

ក្នុងករណីជួបហេតុការណ៍នេះ ខាងស្រីគួរតែប្រមូលរាល់ភស្តុតាងនៃការចំណាយទាំងអស់ (វិក្កយបត្រ ធៀបការ រូបថតរោងការ) និងស្វែងរកជំនួយផ្លូវច្បាប់ពីមេធាវី ដើម្បីរៀបចំលិខិតប្តឹងទាមទារសំណងការខូចខាតទាំងសម្ភារៈ និងផ្លូវចិត្តនៅតុលាការ៕

