បើទោះបីជាមានកេរ្តិ៍ឈ្មោះល្បីល្បាញរន្ទឺទូទាំងពិភពលោកយ៉ាងណាក្តី ក៏កំពូលតារាសម្ដែងហូលីវូដ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) នៅតែរក្សាបាននូវភាពសាមញ្ញ ទន់ភ្លន់ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះទឹកដីកម្ពុជា ដែលលោកស្រីតែងតែចាត់ទុកថាជាផ្ទះទីពីររបស់ខ្លួន។ ថ្មីៗនេះ វត្តមានរបស់តារាស្រីវ័យ ៥១ ឆ្នាំរូបនេះ នៅរាជធានីភ្នំពេញ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ ចំពោះសកម្មភាពប្រកបដោយការគោរពវប្បធម៌ និងភាពរួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋខ្មែរ។

ក្នុងដំណើរមកកាន់ទឹកដីកម្ពុជាលើកនេះ លោកស្រី បានចំណាយពេលវេលាធ្វើសកម្មភាពដ៏មានអត្ថន័យជាបន្តបន្ទាប់។ ជាក់ស្តែង លោកស្រីបានអញ្ជើញទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ និងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង»។ លើសពីនេះ លោកស្រីក៏បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងប្រគេនទេយ្យទានជូនចំពោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅឯមហាកុដិ នៃវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកផងដែរ។ តាមរយៈសកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីទឹកចិត្តស្រឡាញ់ ការគោរព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់តារាហូលីវូដរូបនេះ ចំពោះប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនានៅកម្ពុជា។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើ លោកស្រី អេនជេលីណា ជូលី រួមជាមួយក្រុមការងារ បានបន្តដំណើរទៅកាន់ផ្សារទួលទំពូង ដើម្បីដើរទស្សនា និងទិញវត្ថុអនុស្សាវរីយ៍ដោយផ្ទាល់។ តាមរយៈវីដេអូដែលត្រូវបានចែករំលែក តារាហូលីវូដរូបនេះបានដើរមើល និងពិនិត្យពិច័យគ្រឿងចម្លាក់ខ្មែរយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរករបស់ដែលខ្លួនពេញចិត្ត អមដោយទឹកមុខញញឹមញញែម ស្រស់ស្រាយ និងជជែកលេងជាមួយម្ចាស់តូបយ៉ាងសាមញ្ញបំផុត ដូចជាប្រជាពលរដ្ឋទូទៅដែរ។ កាយវិការដ៏រួសរាយ និងមិនប្រកាន់ខ្លួននេះ បានធ្វើឱ្យក្រុមអាជីវករនៅក្នុងផ្សារមានក្តីរំភើប និងស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាស្រីលំដាប់ពិភពលោករូបនេះ បង្ហាញខ្លួននៅផ្សារទួលទំពូង។ កាលពីឆ្នាំ ២០២២ លោកស្រី អេនជេលីណា ជូលី ក៏ធ្លាប់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងរួចមកហើយ តាមរយៈរូបភាពជិះកង់បី (តុកតុក) ក្នុងរាជធានីភ្នំពេញ និងដើរទិញឥវ៉ាន់នៅផ្សារទួលទំពូងយ៉ាងសាមញ្ញបែបនេះដូចគ្នាផងដែរ៕


