ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស តាមរយៈព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ ចាប់តាំងពីជំនួបកំពូលលំដាប់អន្តរជាតិ វត្តមានកំពូលតារាហូលីវូដ រហូតដល់ជ័យជម្នះដ៏ត្រចះត្រចង់របស់យុវជន និងសិល្បករខ្មែរលើឆាកអន្តរជាតិ សុទ្ធសឹងតែបានរួមចំណែកលើកស្ទួយកិត្យានុភាព និងបង្ហាញពីសក្តានុពល សន្តិភាព និងសុវត្ថិភាពរបស់កម្ពុជាទៅកាន់ពិភពលោក។ថ្ងៃនេះ មង្គលសិរី និងសង្ខេបនូវព្រឹត្តិការណ៍ដ៏កក្រើកទាំង ៦ ប្រចាំសប្តាហ៍នេះ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានមោទនភាពបំផុត៖
១. កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវត្តមានប្រធានាធិបតីបារាំង ព្រឹត្តិការណ៍ដ៏ធំសម្បើមទីមួយ គឺការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ប្រកបដោយភាពជោគជ័យ។ អ្វីដែលរឹតតែពិសេស និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺវត្តមានរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកជំទាវ Brigitte Macron នៅលើទឹកដីកម្ពុជា។ តាមរយៈសកម្មភាពប្រកបដោយភាពស្និទ្ធស្នាល សាមញ្ញ និងការឱ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះកម្ពុជា ថ្នាក់ដឹកនាំកំពូលបារាំងរូបនេះបានបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ថា កម្ពុជាគឺជាទឹកដីដែលពោរពេញដោយសុខសុវត្ថិភាព និងភាពកក់ក្តៅ។

២. បវរកញ្ញា ជូរី ល្អហួស គ្រងមកុដ Miss Teen Icon International 2026 ព្រមទាំងឈ្នះពានរង្វាន់ដល់ទៅ ៧ ។ជូរី ល្អហួសបានបង្កើតភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបវរកញ្ញាវ័យក្មេងរូបនេះ បានដណ្ដើមមកុដឯក Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី យ៉ាងគួរឱ្យស្ញប់ស្ញែង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងប្រមូលពានរង្វាន់ពិសេសៗដល់ទៅ ៧ ពានតែម្នាក់ឯងនៅក្នុងកម្មវិធីថែមទៀតផង។ ជ័យជម្នះដ៏អស្ចារ្យនេះ បានធ្វើឱ្យបណ្តាប្រទេសជាច្រើនងាកមកចាប់អារម្មណ៍លើសមត្ថភាពបវរកញ្ញាកម្ពុជាកាន់តែខ្លាំង និងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ជាងមុន។

៣. ដំណើរមកកាន់ «ផ្ទះទី២» ប្រកបដោយភាពសាមញ្ញរបស់កំពូលតារាហូលីវូដ Angelina Jolie វត្តមានរបស់កំពូលតារាសម្ដែងហូលីវូដ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) មកកាន់ទឹកដីកម្ពុជាដែលលោកស្រីតែងចាត់ទុកថាជាផ្ទះទីពីរ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់។ ក្នុងដំណើរលើកនេះ លោកស្រីបានអញ្ជើញទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នៅសារមន្ទីរ ស.ស.រ ព្រមទាំងបានចូលក្រាបថ្វាយបង្គំគាល់ និងប្រគេនទេយ្យទានជូនចំពោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ប្រកបដោយការគោរពវប្បធម៌ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងជ្រាលជ្រៅ។ លើសពីនេះ រូបភាពដ៏រួសរាយរាក់ទាក់ និងសាមញ្ញរបស់លោកស្រីពេលដើរទិញវត្ថុអនុស្សាវរីយ៍នៅផ្សារទួលទំពូង ក៏បានឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់គ្នាផងដែរ។

៤. យុវជនកម្ពុជា ៣ រូប បង្កើតប្រវត្តិសាស្ត្រក្លាយជាជើងឯកពិភពលោកផ្នែកជជែកដេញដោល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ យុវជនកម្ពុជាដ៏ឆ្នើមចំនួន ៣ រូប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតជូនជាតិ តាមរយៈការដណ្ដើមបានជ័យលាភីជើងឯកពិភពលោក ក្នុងការប្រកួតជជែកដេញដោល JCI World Debate Championship 2026 នៃមហាសន្និបាតពិភពលោក JCI World Congress 2026 ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន។ នេះគឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព និងបញ្ញាញាណរបស់ធនធានយុវជនខ្មែរលើឆាកអន្តរជាតិ។

៥. តារាចម្រៀង មន្ត្រីយ៍ ឯក បង្ហាញវត្តមានតំណាងកម្ពុជាលើឆាក Eurovision Song Contest Asia 2026 សិល្បករខ្មែរលោក មន្ត្រីយ៍ ឯក (Montrey Ek) បាននាំយកទង់ជាតិកម្ពុជាទៅបង្ហាញនៅលើឆាកប្រកួតចម្រៀងលំដាប់អាស៊ី Eurovision Song Contest Asia 2026 ដែលប្រព្រឹត្តទៅនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងចំណោមប្រទេសចូលរួមទាំង ១១ នៅអាស៊ី។ ក្នុងការប្រកួតដ៏អស្ចារ្យនេះ លោក មន្ត្រីយ៍ បានលើកយកបទចម្រៀង «I LET YOU GO» មកបង្ហើរសំនៀងប្រកួតប្រជែង ដោយនាំមកនូវមោទនភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនខ្មែរ។

ទី៦ នាយករដ្ឋមន្ត្រីកាណាដា និងនាយករដ្ឋមន្ត្រីខេត្តកេប៊ិក បានធ្វើសកម្មភាពដ៏សាមញ្ញបំផុតដោយ
លោក Paul St-Pierre Plamondon នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា និងគណៈប្រតិភូ ជិះម៉ូតូកង់បី មកអញ្ជើញទស្សនា «ភូមិហ្រ្វង់កូហ្វូនី» និងចូលរួមកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍របស់ខេត្តកេប៊ិក ប្រកបដោយទឹកមុខរីករាយ ។ចំណែក នាយករដ្ឋមន្ត្រីនៃខេត្តកេប៊ិក វិញ ជិះកង់នៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញមិនគួរឱ្យជឿ ដោយនេះបញ្ជាក់ថាលោកពិតជាសាមញ្ញានិងទុកចិត្តលើប្រទេសកម្ពុជា។


តាមរយៈព្រឹត្តិការណ៍ទាំង ៦ ខាងលើនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើគ្រប់វិស័យ ទាំងការទូត វប្បធម៌ សិល្បៈ និងការអប់រំ ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់ និងឱ្យតម្លៃមកលើទឹកដីសុវណ្ណភូមិមួយនេះកាន់តែខ្លាំងឡើង៕

