នៅក្នុងពិភពសិល្បៈដែលរឿងរ៉ាវស្នេហារបស់តារាមួយចំនួនធំតែងមានភាពរកាំរកូស ឬឈានដល់ការបែកបាក់យ៉ាងឆាប់រហ័ស ជីវិតអាពាហ៍ពិពាហ៍របស់អតីតពិធីការិនីរូបស្រស់ លីចាន់ដាលីស និងស្វាមីអនិកជនអាមេរិក លោក Peter Heng បែរជាឈរជើងយ៉ាងរឹងមាំ។ រយៈពេលជាង ១០ ឆ្នាំមកនេះ អ្នកទាំងពីរបានបង្ហាញឱ្យឃើញថា សុភមង្គលពិតមិនមែនកើតចេញពីគ្មានឧបសគ្គនោះទេ ប៉ុន្តែជាការ «ស្ពាយសុខទុក្ខរួមគ្នា» មិនលែងដៃគ្នាក្នុងគ្រាលំបាក បើទោះបីមិនមានបញ្ហាធំដុំយ៉ាងណាក៏ដោយ។
តើអាថ៌កំបាំងសុភមង្គលគ្រួសារ តូចរបស់អតីតពិធីការិនីរូបនេះ មានអ្វីគួរឲ្យរៀនសូត្រតាម?

មុនពេលក្លាយជាស្ត្រីមេផ្ទះដ៏មានសុភមង្គល អ្នកនាង លីចាន់ដាលីស គឺជាអតីតពិធីការិនីដ៏មានប្រប្រិយភាព និងជាស្រទាប់យុវវ័យដែលសាងឈ្មោះចេញពីកម្មវិធី Freshie Boy and Girl ជំនាន់ជាមួយលោក វិឆៃ។ រូបសម្បត្តិ និងសមត្ថភាពរបស់នាងបានទាក់ទាញបេះដូងអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក គឺលោក Peter Heng រហូតឈានដល់ការចាប់ដៃគ្នាសាងគ្រួសារ និងសម្រេចចិត្តរស់នៅជាមួយគ្នាយ៉ាងមានន័យ និងក្តីសុខបំផុត។

បន្ទាប់ពីបានរៀបការកសាងគ្រួសារយ៉ាងមានក្តីសុខ អ្នកទាំងពីរបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកមួយរយៈ។ ពេលវេលាកន្លងផុតទៅ ទំនាក់ទំនងស្នេហាកាន់តែរឹងមាំ និងបានបង្កើតចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ (ប្រុសមួយ ស្រីមួយ) ដែលបច្ចុប្បន្ន កូនៗទាំងពីរបានធំធាត់ដឹងក្តីអស់ហើយ។ ចំណែករាល់រូបភាពនៅលើបណ្តាញសង្គម ក៏បានស្តែងឱ្យឃើញពីភាពចុះសម្រុង និងបរិយាកាសគ្រួសារដែលពេញដោយស្នាមញញឹមជានិច្ចផងដែរ។ បន្ទាប់ពីរស់នៅអាមេរិកបានមួយរយៈ អ្នកទាំងពីរបានសម្រេចចិត្តត្រឡប់មកស្រុកខ្មែរវិញ ដើម្បីវិនិយោគ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ទោះបីជាមានបំណងល្អ និងបានសន្សំថវិកាទិញផ្ទះវីឡានៅបុរីបុស្បាដើម្បីទុករស់នៅ ប៉ុន្តែលទ្ធផលបែរជាមិនសមតាមបំណង និងជួបប្រទះបញ្ហាមួយចំនួន។

ត្រង់ចំណុចនេះហើយដែលធ្វើឱ្យជីវិតគូរបស់អ្នកទាំងពីរខុសប្លែកពីគូស្នេហ៍តារាផ្សេងៗដោយមិនបោះបង់គ្នាក្នុងគ្រាលំបាក នៅពេលជួបការបរាជ័យ ឬបញ្ហាហិរញ្ញវត្ថុ ស្វាមីភរិយាមួយគូនេះមិនដែលបន្ទោសគ្នា ឬរត់ចោលគ្នានោះឡើយ។ពួកគេជ្រើសរើសការឈរជើងតស៊ូជាមួយគ្នា ជួយជ្រោមជ្រែងគ្នាតាំងពីបាតដៃទទេរហូតឆ្លងផុតព្យុះភ្លៀងជីវិត។

ក្រោយឆ្លងកាត់ការលំបាក ផ្លែផ្កានៃការតស៊ូក៏បានមកដល់។ ថ្មីៗនេះស្វាមីរបស់អ្នកនាង លីចាន់ដាលីស បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយកន្លែងឈ្មោះថា Kooldy ដែលមានលក់ការ៉េម ប៊ឺហ្គឺ និងអាហារសម្រន់ជាច្រើនមុខ។ ដោយសារការខិតខំប្រឹងប្រែង និងគុណភាព អាជីវកម្មនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
រហូតមកទល់ពេលនេះ រយៈពេលជាង ១០ ឆ្នាំ បានបន្សល់ទុកនូវរឿងរ៉ាវស្ម័គ្រស្មោះ និងភាពអត់ធ្មត់ខ្ពស់។ ជីវិតគូរបស់អ្នកនាង លីចាន់ដាលីស និងលោក Peter Heng បានក្លាយជាគំរូគ្រួសារដ៏ល្អមួយនៅក្នុងរង្វង់សិល្បៈ ដែលស្រឡាញ់គ្នាដោយចិត្ត និងបេះដូងពិតប្រាកដ ដោយមិនប្រែប្រួលតាមពេលវេលឡើយ៕

