ធ្លាប់តែឮគេពឹងពាក់ថ្នាក់ដឹកនាំរឿងរកការងារ ឬជួយអភិវឌ្ឍន៍អាជីវកម្ម តែសម្រាប់មហាសេដ្ឋីវ័យក្មេងនិងជាអគ្គនាយកក្រុមហ៊ុនស្រាបៀរគ្រុឌដ៏ល្បីល្បាញ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ វិញ ត្រូវបានម្តាយបង្កើតផ្ទាល់ដាក់សំណើ «ខុសគេ» ដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសុំឱ្យជួយ «រកប្រពន្ធ» ឱ្យកូនប្រុសទោលរូបនេះ ដោយសារតែវ័យស្របាលៗអ្នកឧកញ៉ា គេមានគូអស់ទៅហើយ។តើបុរសដែលអង្រួនពិភពជំនួញនៅកម្ពុជារូបនេះ មានប្រវត្តិរូប និងភាពលេចធ្លោប៉ុណ្ណា ទើបបានជាធ្វើឱ្យលោកជំទាវអ្នកឧកញ៉ា ឈុន លាង ជាម្តាយ បារម្ភពីបញ្ហាគូគ្រងខ្លាំងដល់ថ្នាក់នេះ? ថ្ងៃនេះ មង្គលសិរី នឹងនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់ពីប្រវត្តិរូបរបស់អ្នកឧកញ៉ាទាំងអស់គ្នា!

ថ្មីៗនេះ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់រៀន នៅខេត្តកំពង់ធំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍ និងបង្កើតសំណើចពីអ្នកចូលរួម តាមរយៈការលើកយកពីរឿងរ៉ាវរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មកនិយាយជាលក្ខណៈបែបចំអន់។ សម្តេចធិបតី បានមានប្រសាសន៍សួររក និងលើកឡើងដោយចំអន់ថា៖
«អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អត់ព្រមយកប្រពន្ធ ហើយមីងគាត់ចេះតែឱ្យខ្ញុំជួយរកប្រពន្ធឱ្យ… តែខ្ញុំថា មីងស្អីផ្សេងជួយបាន តែបើឱ្យជួយរកប្រពន្ធខ្ញុំជួយមិនបានទេ!»
សម្តីដ៏ស្រទន់ និងបែបលេងសើចនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងលើជីវិតឯកជនរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ដែលទោះបីជាមានគ្រប់សព្វទាំងទ្រព្យសម្បត្តិ កិត្តិនាម និងមុខជំនួញដ៏ស្តុកស្តម្ភយ៉ាងណាក៏ដោយ ក៏រឿងរ៉ាវគូស្រករនៅតែជាចំណុចចាប់អារម្មណ៍របស់គ្រួសារដដែល។

ប្រវត្តិរូប និងភាពជោគជ័យ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាកូនប្រុសទោលក្នុងចំណោមបងប្អូនប្រុសស្រីចំនួន ៣នាក់ របស់អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ដែលជាគ្រួសារមហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតមួយនៅកម្ពុជា និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥ Rosewood Phnom Penh លើកំពូលអគារវឌ្ឍនៈកាពីតាល។ទាក់ទងនឹងកម្រិតវប្បធម៌ និងការសិក្សាវិញ លោកគឺជាបញ្ញវន្តវ័យក្មេងដ៏ឆ្នើមម្នាក់ ដោយបានក្រេបជញ្ជក់ចំណេះដឹងជ្រៅជ្រះពីបរទេស ហើយបច្ចុប្បន្ន លោកគឺជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវឺរី (Vattanac Brewery) ដែលផលិតស្រាបៀរគ្រុឌ និងជាម្ចាស់ភាគហ៊ុនដ៏ធំក្នុងក្រុមហ៊ុនជាច្រើនក្រោមម្លប់ វឌ្ឍនៈ គ្រុប ក៏ដូចជាធនាគារវឌ្ឍនៈផងដែរ។

ទោះបីជាកើតក្នុងគ្រួសារអភិជនកំពូល និងមានទ្រព្យសម្បត្តិវាល់លានក្តី ប៉ុន្តែរាល់ពេលបង្ហាញខ្លួនជាសាធារណៈ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែបង្ហាញនូវស្នាមញញឹម ភាពទន់ភ្លន់ គោរពចាស់ទុំ និងផ្តល់ភាពស្និទ្ធស្នាលដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដោយគ្មានឫកពាជាអ្នកមានឡើយ។ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ លោកក៏មានរូបរាងសង្ហា ស្លៀកពាក់សមសួន បែបសាមញ្ញតែមានភាពថ្លៃថ្នូរ។ ម្យ៉ាងវិញទៀត ភាព “នៅលីវ” របស់លោក តែងតែជាប្រធានបទដែលហ្វេនៗចូលចិត្ត។

រឿងរ៉ាវស្នេហា និងជីវិតឯកជនរបស់អ្នកជំនួញវ័យក្មេងរូបនេះ នៅតែបន្តជាប្រធានបទដ៏ជក់ចិត្តសម្រាប់មហាជនជាពិសេសនារីៗ។ តើប្រិយមិត្តដែលកំពុងតាមដាននេះវិញ តើពេលនេះកំពុងស្ថិតក្នុងដំណាក់កាលណាដែរ មានគូហើយឬនៅ?

