បន្ទាប់ពីស្ងប់ស្ងាត់ និងបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើនក្នុងចិត្តអ្នកគាំទ្រអស់មួយរយៈធំ អំពីទំនាក់ទំនងស្នេហា Clips ឬរឿងរ៉ាវរកាំរកូស រវាងតារាចម្រៀងជួរមុខ អ្នកនាង ពេជ្រ សោភា និងតារាសម្ដែង លោក ឆឹម សក្កដា ស្រាប់តែថ្មីៗនេះ អ្នកទាំងពីរបានធ្វើឱ្យបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបញ្ចេញវីដេអូ និងរូបភាពក្នុងសម្លៀកបំពាក់ប្រពៃណីបែប Pre-wedding យ៉ាងផ្អែមល្ហែម។
កាលពីកន្លងទៅ មហាជន និងអ្នកគាំទ្រតែងតែឃើញអ្នកទាំងពីរបង្ហាញភាពជិតស្និទ្ធ អមដំណើរគ្នាញឹកញាប់ និងបង្ហោះរូបភាពផ្អែមល្ហែមជាហូរហែនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរបស់អ្នកទាំងពីរហាក់មានភាពប្រែប្រួល និងស្ងប់ស្ងាត់ខុសពីធម្មតា ដោយពុំសូវមានការបង្ហោះរូបភាពកៀកកើយដូចមុនឡើយ។

កត្តានេះបានធ្វើឱ្យទស្សនិកជនមួយចំនួនដាក់ការសង្ស័យថា ស្នេហារបស់អ្នកទាំងពីរអាចជា «ស្នេហាបន្លំភ្នែក» ឬជាការបង្កើតឈុតឆាកដើម្បីលើកប្រជាប្រិយភាពប៉ុណ្ណោះ។ ទោះបីជាលោក ឆឹម សក្កដា ធ្លាប់បានបកស្រាយថា មូលហេតុនៃការខកខានជួបគ្នាដោយសារតែរវល់ការងារសិល្បៈរៀងៗខ្លួន ដើម្បីប្រមូលប្រាក់រៀបចំមង្គលការនាពេលខាងមុខយ៉ាងណាក៏ដោយ ក៏ពាក្យចចាមអារ៉ាមនៅតែបន្តលេចឡើងឥតឈប់ឈរ។

ការសង្ស័យទាំងប៉ុន្មានត្រូវបានរំជើបរំជួលសារជាថ្មី នៅពេលដែលអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានទម្លាយវីដេអូ និងរូបភាពគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងប្រកិតប្រកើយ ជាមួយនឹងទឹកមុខស្រស់ញញឹមពោរពេញដោយក្ដីសុខ ដែលមើលទៅដូចជាសកម្មភាពថត Pre-wedding ត្រៀមរៀបមង្គលការ។ ភ្លាមៗបន្ទាប់ពីការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានសម្តែងក្តីរំភើប រីករាយ និងចូលរួមជូនពរយ៉ាងច្រើនកុះករដល់គូស្នេហ៍មួយគូនេះ។ យ៉ាងណាមិញ ក៏នៅមានមតិមួយចំនួនទៀតនៅតែបន្តសង្ស័យថា តើនេះជាការថត Pre-wedding ពិតប្រាកដសម្រាប់ពិធីមង្គលការ ឬគ្រាន់តែជាការថតស្ពតពាណិជ្ជកម្ម និងសម្តែងរួមគ្នាតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានប្រកាសភ្ជាប់ពាក្យជាមួយគ្នាយ៉ាងអធិកអធម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ទោះបីជាកន្លងមក មានការឃ្លាតឆ្ងាយ និងលេចឮព័ត៌មានមិនច្បាស់លាស់ជាច្រើនយ៉ាងណាក៏ដោយ ការលេចមុខរួមគ្នាក្នុងប្លង់ថតបែបប្រពៃណីលើកនេះ នៅតែជាប្រធានបទក្ដៅគគុកដែលមហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕

