នៅក្នុងពិភពសិល្បៈដែលពោរពេញដោយភាពអ៊ូអរ ពន្លឺភ្លើងពណ៌ និងការប្រែប្រួលឥតឈប់ឈរ ការរក្សាបាននូវភាពរឹងមាំទាំងការងារសិល្បៈ ការរកស៊ី និងសុភមង្គលគ្រួសារ គឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែតារាចម្រៀងល្បីៗរបស់កម្ពុជាមួយចំនួនបានបង្ហាញឱ្យឃើញថា វាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ។ ក្រៅពីបន្តគ្រងតំណែងជាកំពូលតារាចម្រៀងក្នុងដួងចិត្តមហាជន ពួកគេថែមទាំងបានកសាង «នាវាជីវិតគ្រួសារ» យ៉ាងកក់ក្តៅ ព្រមទាំងមានជំនួញផ្ទាល់ខ្លួនដ៏ជោគជ័យ ដែលក្លាយជាគំរូដ៏ល្អ និងជាទីកោតសរសើរក្នុងស្រទាប់មហាជន។ តើជីវិតគូរបស់កំពូលតារាចម្រៀងកម្ពុជា ដែលជាបុគ្គលល្បីល្បាញ រក្សាអាជីពការងារ និងជីវិតឯកជន មិនឲ្យប្រេះស្រាំនេះ មានតារារូបណាខ្លះ? ហើយពួកគេរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះឲ្យរឹងមាំបានយ៉ាងដូចម្ដេច?ដោយតារាទាំងនោះរួមមាន៖
១. គ្រួសារ លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ ដែលត្រូវបានគេស្គាល់ថាជាកំពូលតារាចម្រៀងដ៏ល្បីល្បាញបំផុតមួយរូបក្នុងប្រទេសកម្ពុជា មិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់លើការរក្សាកេរ្តិ៍ឈ្មោះ និងសំឡេងស្រទន់ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបុរសនិងជាមេគ្រួសារដ៏គំរូក្នុងការដឹកនាំនាវាជីវិតគ្រួសារឱ្យឆ្លងកាត់រលកខ្យល់ព្យុះគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយភរិយា បានវិវឌ្ឍន៏ទៅដោយរលូន មានស្ថិរភាពគួរឱ្យស្ញប់ស្ញែង។ បច្ចុប្បន្ន អ្នកទាំងពីរបានរួមគ្នាចិញ្ចឹមកូនប្រុសទាំងបី ដែលសុទ្ធតែ មានទេពកោសល្យ បន្តវេនប្រឡូកក្នុងវិស័យសិល្បៈយ៉ាងសកម្ម ព្រមទាំងរួមគ្នាបង្កើត និងគ្រប់គ្រងអាជីវកម្មគ្រួសារយ៉ាងរលូនផងដែរ។

២. គ្រួសារ លោក ខេមរៈ សិរីមន្ត និងអ្នកស្រី ខាន់ ចាន់ណា
ក្នុងនាមជាតារាចម្រៀងកំពូលម្នាក់ លោក ខេមរៈ សិរីមន្ត តែងតែបង្ហាញភាពចាស់ទុំក្នុងការគ្រប់គ្រងពេលវេលារវាងការងារសិល្បៈដ៏មមាញឹក និងការផ្តល់តម្លៃពេញលេញដល់ភរិយា គឺអ្នកស្រី ខាន់ ចាន់ណា និងកូនៗ។ លោកតែងតែបង្ហាញភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារជានិច្ច។ភាពស្មោះត្រង់ និងការរួមសុខទុក្ខជាមួយគ្នាតាំងពីដើមទី បានធ្វើឱ្យជីវិតគូរបស់អ្នកទាំងពីរកាន់តែរឹងមាំ។ ក្រៅពីអាជីពជាតារាចម្រៀងដ៏ល្បីល្បាញ ភរិយារបស់លោកក៏ជាខ្នងបង្អែក និងជាដៃគូដ៏សំខាន់ក្នុងការជួយទ្រទ្រង់ និងអភិវឌ្ឍមុខជំនួញគ្រួសារយ៉ាងជោគជ័យ ដែលធ្វើឱ្យជីវភាពគ្រួសារមួយនេះកាន់តែមានភាពស៊ីវិល័យ និងរឹងមាំខ្លាំងឡើង។

៣. គ្រួសារ លោក ឆាយ វីរៈយុទ្ធ និងអ្នកស្រី ទូច សុវណ្ណនាថ
តារាចម្រៀងសំឡេងក្រអួន លោក ឆាយ វីរៈយុទ្ធ ក៏ជាតារាប្រុសម្នាក់ទៀតដែលទទួលបានការកោតសរសើរខ្លាំងលើការសាងសង់គ្រួសារដ៏មានសុភមង្គល។ ទំនាក់ទំនងស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយអ្នកស្រី ទូច សុវណ្ណនាថ តែងតែពោរពេញដោយភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាទៅវិញទៅមក។ការបង្ហោះសារផ្អែមល្ហែម ការបង្ហាញសកម្មភាពគ្រួសារដ៏កក់ក្តៅ និងការរួមគ្នាបំពេញតួនាទីជាឪពុកម្តាយយ៉ាងល្អឥតខ្ចោះ បានធ្វើឱ្យគូស្នេហ៍មួយគូនេះរក្សាបាននូវភាពគង់វង្ស និងភាពរឹងមាំក្នុងទំនាក់ទំនងយ៉ាងគួរឱ្យាស្ញប់ស្ញែង។

៤. ឱក សុគន្ធកញ្ញា និងស្វាមី លោក អ៊ឹង សុខលី
ក្នុងនាមជារាជិនីសំឡេងប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា មិនត្រឹមតែធ្វើឱ្យមហាជនចូលចិត្ត តាមរយៈបទចម្រៀងពិរោះៗ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរជាងពីរទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែជីវិតឯកជនរបស់នាងក៏ជាទីសរសើរផងដែរ។ ក្រោយពីរៀបការជាមួយលោក អ៊ឹង សុខលី ដែលជាកូនប្រុសថៅកែរហង្សមាស អ្នកទាំងពីរបានសាងគ្រួសារដ៏កក់ក្តៅមួយ រួមជាមួយកូនប្រុសដ៏គួរឱ្យស្រឡាញ់ ។ ភាពចាស់ទុំ ការចេះឱ្យតម្លៃគ្នាទៅវិញទៅមក និងការបែងចែកពេលវេលាច្បាស់លាស់រវាងការងារសិល្បៈ និងការមើលថែគ្រួសារ បានធ្វើឱ្យគូស្នេហ៍មួយគូនេះរក្សាបាននូវភាពស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយភាពផ្អែមល្ហែមជានិច្ច។

ភាពជោគជ័យ និងភាពគង់វង្សនៃជីវិតគូរបស់តារាជួរមុខទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា ការចេះស្ដាប់គ្នា ការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ព្រមទាំងការរួមដៃគ្នាកសាងអាជីពសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសុភមង្គលគ្រួសារឱ្យស្ថិតស្ថេរគង់វង្សបានយូរអង្វែង៕

