នេះជារូបថតពណ៌ធម្មជាតិដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្ត្រយ៉ាងក្រៃលែង ដែលត្រូវបានថតដោយជនជាតិបារាំង គឺលោក Gervais Courtellemont ហើយបានចុះផ្សាយជាផ្លូវការនៅក្នុងទស្សនាវដ្តីអន្តរជាតិ National Geographic កាលពីខែកញ្ញា ឆ្នាំ១៩២៨ ដែលបានដាក់ចំណងជើងថា «The Enigma of Cambodia» នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកបុរាណាចារ្យ ។ មួយប៉ុស្ដិ៍ណា មួយសន្លឹកណាក៏មានអត្ថន័យដ៏ជ្រាលជ្រៅឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ដែលបន្សល់ទុកពីបុព្វបុរសដូនតាខ្មែរដល់អ្នកជំនាន់ក្រោយឲ្យថែរក្សាបន្តដែរ។

នៅក្នុងរូបថតប្រវត្តិសាស្ត្រដែលមានអាយុកាលជិត ១ សតវត្សរ៍នេះ បានរំលេចនូវរូបសម្រស់យ៉ាងសមរម្យ និងថ្លៃថ្នូររបស់ស្ត្រីខ្មែរម្នាក់ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណយ៉ាងប្រណិត។ នាងបានគ្រង «ស្បៃ» ប៉ាក់ឌិនរៀបចំយ៉ាងផ្ចិតផ្ចង់ ដណ្តប់លើស្មា យ៉ាងសមរម្យតាមក្បួនខ្នាតបុរាណ។ អមដោយគ្រឿងអលង្ការភ្លឺចែងចាំង រួមមាន កងដៃ, ខ្សែរពាក់ឈៀង, និងខ្សែក្រវាត់មាស ដែលស្តែងចេញពីភាពប្រណីត និងសិល្បៈនៃការច្នៃម៉ូដសម្លៀកបំពាក់ខ្មែរក្នុងសម័យកាលនោះ។

រូបថតមួយសន្លឹកនេះ មិនត្រឹមតែជាការកត់ត្រានូវសម្រស់នារីខ្មែរក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ភស្តុតាងប្រវត្តិសាស្ត្ររស់» ដែលបង្ហាញយ៉ាងច្បាស់ពីការថែរក្សា និងការផ្ទេរមរតកវប្បធម៌ អរិយធម៌ ព្រមទាំងសិល្បៈនៃការរៀបចំមង្គលការរបស់ដូនតាខ្មែរ តាំងពីដើមសតវត្សរ៍ទី២០ ឱ្យនៅតែបន្តរស់រវើក និងមានឥទ្ធិពលរហូតមកដល់យុគសម័យបច្ចុប្បន្ន៕

