រំភើបជំនួសស្នាដៃកូនខ្មែរ! ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ALmée Couture កំពុងតែផ្ទុះឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើឆាកអន្តរជាតិ និងបានសាងមោទនភាពជាថ្មីជូនប្រទេសជាតិ ខណៈដែលស្ទីលរចនាម៉ូតដ៏ស្អាតប្រណីតនៃប្រ៊េនខ្មែរមួយនេះ បានឆក់យកបេះដូងកំពូលតារាស្រីជួរមុខប្រទេសចិន Yang Mi (យ៉ាំង មី) ឱ្យមកស្លៀកបង្ហាញខ្លួនយ៉ាងលេចធ្លោ និងប្រកបដោយកិត្យានុភាពលើឆាកកម្មវិធីធំថ្នាក់ជាតិនៅប្រទេសចិន។
ឈ្មោះរបស់ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ALmée Couture ដែលស្ថិតក្រោមការគ្រប់គ្រង និងច្នៃប្រឌិតដោយអ្នករចនាម៉ូដល្បីឈ្មោះ តាំង សុខហៀង (Taing Sokhang) កំពុងបន្តស្នាដៃយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ។ មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែប្រ៊េនដ៏ប្រណិតនេះ តែងតែបង្កប់នូវភាពច្នៃប្រឌិតខ្ពស់ ដោយការរំលេចបញ្ចូលគ្នារវាងរចនាបថបែបបុរាណ សម័យ និងប្រពៃណី ដើម្បីចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់។

កន្លងមក ALmée Couture មិនត្រឹមតែបង្កើតភាពល្បីល្បាញតាមរយៈការតាំងបង្ហាញម៉ូដ (Fashion Show) លំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចិត្តតារាល្បីៗ និងបវរកញ្ញាអន្តរជាតិជាច្រើនរូបឱ្យជ្រើសរើសយកឈុតសម្លៀកបំពាក់នេះសម្រាប់បង្ហាញខ្លួនក្នុងកម្មវិធីធំៗផងដែរ។

ភាពរំភើប និងមោទកភាពរបស់ប្រជាជនកម្ពុជាបានផ្ទុះឡើងជាថ្មីម្តងទៀត នៅពេលដែលគេបានឃើញវត្តមានរបស់កំពូលតារាស្រីជួរមុខប្រទេសចិន គឺកញ្ញា Yang Mi (យ៉ាំង មី) បានសម្រេចចិត្តជ្រើសរើសយកឈុតសម្លៀកបំពាក់ដ៏ប្រណីតពីប្រ៊េនខ្មែរ ALmée Couture ក្នុងខឡិកហ្សិនថ្មីដែលមានឈ្មោះថា «Le Jardin des Rêves» មកស្លៀក បង្ហាញខ្លួនយ៉ាងស្រស់ស្អាត និងលេចធ្លោនៅលើឆាកនៃកម្មវិធីប្រារព្ធខួបដ៏ធំ Honor of Kings 2026 Anniversary Co-Creation Night លើទឹកដីប្រទេសចិន។

ភាពស្រស់ស្អាត និងការរចនាយ៉ាងប្រណិតនៃឈុតនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការទាក់ទាញក្រសែភ្នែកទស្សនិកជនអន្តរជាតិឱ្យងាកមកចាប់អារម្មណ៍ពីសមត្ថភាព និងស្នាដៃដ៏វិសេសវិសាលរបស់កូនខ្មែរ។ មិនតែប៉ុណ្ណោះ ក្រៅពីតារាសម្ដែងស្រី Yang Mi ក៏មានវត្តមានតារាចិនជួរមុខល្បីៗចំនួន ២ រូបផ្សេងទៀត ដែលបានសម្រេចចិត្តស្លៀកឈុតសម្លៀកបំពាក់ប្រ៊េនខ្មែរដ៏ស្រស់ស្អាតអស្ចារ្យនេះ ចូលរួមក្នុងកម្មវិធីសិល្បៈធំៗដទៃទៀតនៅប្រទេសចិនផងដែរ ដែលនេះពិតជាសបញ្ជាក់ឱ្យឃើញពីឥទ្ធិពល និងគុណតម្លៃនៃម៉ូដសម្លៀកបំពាក់ខ្មែរលើឆាកអន្តរជាតិផងដែរ៕


