ក្នុងពេលដែលសង្គមបច្ចុប្បន្នមានការផ្លាស់ប្តូរ និងប្រែប្រួលយ៉ាងឆាប់រហ័ស បញ្ហាសីលធម៌ និងការបំពានលើចំណងអាពាហ៍ពិពាហ៍ហាក់កំពុងតែកើតមានឡើងគួរឱ្យព្រួយបារម្ភ។ ភាពអាត្មានិយម លួចលាក់ក្បត់ចិត្តប្រពន្ធកូន ឬការបំពានច្បាប់ដោយមិនខ្វល់ខ្វាយពីផលវិបាក បានក្លាយជាដុំភ្លើងសាងទុក្ខទោសដល់គ្រួសារ និងសង្គមជាតិ។ ជាក់ស្តែង ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងក្ដៅគគុកមួយទើបតែបានកើតឡើងថ្មីៗនេះ នៅពេលដែលបុរសម្នាក់មានប្រពន្ធនិងកូនក្នុងបន្ទុកស្រាប់ទៅហើយ ហ៊ានរៀបចំពិធីមង្គលការជាមួយនារីថ្មីនៅខេត្តកំពង់ធំ ទាំងសាច់ញាតិដឹងឮគ្រប់គ្នា តែចុងក្រោយបែរជាបដិសេធមិនចូលរោងការ ទុកឱ្យកូនក្រមុំអង្គុយយំធ្វើពិធីរៀបការម្នាក់ឯងនៅមុខមហាជន ដែលនាំឱ្យមានការវែកញែកពេញបណ្តាញសង្គម។

ភាគីខាងកូនកំលោះ និងក្រុមគ្រួសារ ដែលដឹងច្បាស់ថាខ្លួនមានប្រពន្ធ និងកូនរួចទៅហើយនោះ ថែមទាំងបានបន្តរៀបចំផែនការចូលស្តីដណ្តឹងខាងស្រីថ្មីយ៉ាងអធិកអធម។ ទោះជាយ៉ាងណា នៅថ្ងៃចូលរោងការដែលគ្រួសារខាងកូនក្រមុំបានរៀបចំតុបតែង និងរៀបចំកម្មវិធីរួចរាល់ជាស្រេចទៅហើយនោះ ស្រាប់តែខាងកូនកំលោះបានបដិសេធមិនព្រមចូលរួមក្នុងពិធី ធ្វើឱ្យកូនក្រមុំត្រូវអង្គុយទល់មុខនឹងការរៀបចំកម្មវិធីដ៏សែនអាម៉ាស់នេះតែម្នាក់ឯង។

ក្រោយពីទង្វើដ៏អយុត្តិធម៌ និងបង្កការខូចខាតកិត្តិយសយ៉ាងធ្ងន់ធ្ងរនេះ គ្រួសារខាងកូនក្រមុំមិនបានបណ្តោយឱ្យរឿងនេះកន្លងផុតទៅឡើយ ដោយបានសម្រេចចិត្តដាក់ពាក្យប្ដឹង ដើម្បីទារសំណងចំនួន ១៥,០០០ ដុល្លារអាមេរិក សងលើថ្លៃបណ្ណាការ ថ្លៃចុងភៅ និងការប៉ះពាល់ដល់កិត្តិយសកូនក្រមុំនិងក្រុមគ្រួសារ។ករណីនេះ មិនត្រឹមតែជាទង្វើខុសឆ្គងផ្នែកសីលធម៌ និងទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើ «ច្បាប់ស្តីពីឯកពន្ធភាព» របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ដើម្បីការពារសេចក្តីថ្លៃថ្នូរ ពង្រឹងសុភមង្គលគ្រួសារ និងធានាសមភាពរវាងប្តី និងប្រពន្ធ ព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្តីពីឯកពន្ធភាពក្នុងឆ្នាំ២០០៦ ដោយកំណត់យ៉ាងច្បាស់ថា៖ចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែមួយ និងស្ត្រីមានប្តីតែមួយ ដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់នៅសាលាឃុំ/សង្កាត់។ បុគ្គលម្នាក់អាចរៀបការថ្មីបាន លុះត្រាតែលែងលះដាច់ស្រេចស្របច្បាប់ ឬប្តី/ប្រពន្ធស្លាប់ប៉ុណ្ណោះ។បើយោងតាមច្បាប់ឯកពន្ធភាព ជនណាដែលហ៊ានប្រព្រឹត្តល្មើសប្រឈមមុខនឹងទោសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ ដោយទោសជាប់ពន្ធនាគារ ពី ៦ខែ ដល់ ១ឆ្នាំនិងពិន័យជាប្រាក់ ពី ២០០,០០០ (ពីរសែន) រៀល ដល់ ១,០០០,០០០ (មួយលាន) រៀល ឬអាចត្រូវពិន័យទាំងពីររួមគ្នា។ហើយចំពោះអ្នកសមគំនិត (ភាគីទីបី) ប្រសិនបើភាគីទីបីដឹងច្បាស់ថាគេមានប្រពន្ធ/ប្តីរួចហើយ នៅតែព្រមរៀបការ ឬរួមរស់ជាមួយ ក៏ត្រូវទទួលទោសដូចជនល្មើសដែរ។

ច្បាប់នេះមានអានុភាពការពារយ៉ាងពេញលេញចំពោះគូស្វាមីភរិយាដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់។ ដូច្នេះ ហេតុការណ៍ដែលកើតឡើងនៅខេត្តកំពង់ធំនេះ គឺជាមេរៀនដ៏ក្រាស់ក្រែល និងជាការដាស់តឿនដល់សាធារណជន ជាពិសេសបុគ្គលដែលមានគំនិតចង់បំពានច្បាប់ និងលួចលាក់មានទំនាក់ទំនងក្រៅប្រព័ន្ធច្បាប់ ឱ្យយល់ដឹងពីផលវិបាក និងចៀសវាងកុំឱ្យប្រព្រឹត្តិខុសច្បាប់តាមតែអំពើចិត្តខ្លួនចង់បានតទៅទៀត៕

