ប្រសិនបើមេដឹកនាំកំពូលនៃប្រទេសមហាអំណាចលំដាប់ពិភពលោក ដើរសំដៅមកចាប់ដៃ ហើយពោលពាក្យសួរឈ្មោះរបស់អ្នកដោយផ្ទាល់ តើអារម្មណ៍នៅពេលនោះនឹងរំភើបកម្រិតណា? នេះគឺជាបទពិសោធដ៏អស្ចារ្យ និងនឹកស្មានមិនដល់មួយដែលបានកើតឡើងចំពោះតារាចម្រៀងរ៉េបជួរមុខរបស់កម្ពុជា គឺលោក វណ្ណដា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅលើទឹកដីរាជធានីភ្នំពេញ។

ហេតុការណ៍ដ៏គួរឱ្យចងចាំនេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងឱកាសដែល លោក វណ្ណដា បានចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចឯកជន និងសន្ទនាផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតីបារាំង អំឡុងពេលដែលលោក អេម៉ានុយអែល ម៉ាក្រុង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅព្រះរាជាណាចក្រកម្ពុជា។អ្វីដែលធ្វើឱ្យតារាចម្រៀងរ៉េបរូបនេះរំភើបចិត្តខ្លាំង រកពាក្យអ្វីមកនិយាយមិនបានភ្លាមៗនោះ គឺនៅពេលដែលលោក ម៉ាក្រុង បានអញ្ជើញមកចាប់ដៃលោក ហើយសួរដោយភាពរួសរាយរាក់ទាក់ថា៖ «អ្នកជាតារារ៉េប វណ្ណដា មែនទេ?»។ ភ្លាមៗនោះ លោក វណ្ណដា ក៏បានឆ្លើយតបវិញទាំងក្តីរំភើបថា៖ «បាទ ខ្ញុំពិតជា វណ្ណដា មែន»។ គ្រានោះហើយ ដែលធ្វើឱ្យម្ចាស់បទ «Time To Rise» រូបនេះ មានអារម្មណ៍សប្បាយរីករាយ រំជួលចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន និងស្ទើរតែមិនដឹងថាត្រូវធ្វើខ្លួនបែបណាឱ្យស័ក្តិសមចំពោះស្ថានភាពដ៏មានកិត្តិយសមួយនេះឡើយ។

ក្រៅពីពិធីទទួលបដិសណ្ឋារកិច្ចជាលក្ខណៈឯកជនខាងលើ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមក៏បានឃើញរូបភាព និងវីដេអូជាច្រើន ដែលបង្ហាញពីភាពរាក់ទាក់ និងស្និទ្ធស្នាលយ៉ាងខ្លាំងរវាងប្រធានាធិបតីបារាំង និង លោក វណ្ណដា។
យ៉ាងណាមិញ ចំណុចដែលកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមនានា ផ្ទុះការចាប់អារម្មណ៍ និងមានចម្ងល់កាន់តែខ្លាំងនោះ គឺវីដេអូមួយដែលបង្ហាញពីសកម្មភាពសន្ទនារវាង លោក វណ្ណដា និង លោក អេម៉ានុយអែល ម៉ាក្រុង ដោយក្នុងនោះតារារ៉េបកម្ពុជារូបនេះ បានប្រគល់លិខិតមួយច្បាប់ជូនទៅប្រធានាធិបតីបារាំងដោយផ្ទាល់ដៃ។ បន្ទាប់ពីទទួលបានលិខិតនោះភ្លាម លោក ម៉ាក្រុង ក៏បានរក្សាទុកវាចូលទៅក្នុងហោប៉ៅអាវរបស់លោកយ៉ាងយកចិត្តទុកដាក់ ដើម្បីទុកជាអនុស្សាវរីយ៍។

មកទល់ពេលនេះ លិខិតអាថ៌កំបាំងមួយច្បាប់នោះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនចង់ដឹងយ៉ាងខ្លាំងថា តើវាជាលិខិតអ្វី ហើយមានបង្កប់អត្ថន័យពិសេសបែបណាខ្លះ បានជា លោក វណ្ណដា សម្រេចចិត្តប្រគល់ជូនប្រធានាធិបតីនៃបារាំងក្នុងឱកាសដ៏ពិសេសបែបនេះ៕

