មហាជនភាគច្រើនប្រហែលជាធ្លាប់បានឃើញរូបភាពដ៏កក់ក្តៅនៃគ្រួសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈពិធីផ្លូវការ និងបណ្តាញសង្គមនានា ប៉ុន្តែតិចនាក់ណាស់ដែលបានដឹងពីដំណើររឿងដ៏គួរឱ្យចាប់អារម្មណ៍នៅពីក្រោយវត្តមានរបស់កូនប្រុសពៅរបស់សម្តេច។ តើហេតុអ្វីបានជាការចាប់កំណើតរបស់កូនទី៣ នេះ ត្រូវបានចាត់ទុកជារឿងដែលស្ទើរតែនឹកស្មានមិនដល់ ហើយបច្ចុប្បន្នកុមារារូបនេះមានទេពកោសល្យពិសេសអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីទី១ គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៦។ រហូតមកដល់ពេលបច្ចុប្បន្ន អ្នកទាំងពីរមានចំណងដៃកូនចំនួន ៣ នាក់ ក្នុងនោះមានកូនស្រី ២ នាក់ និងកូនប្រុស ១ នាក់ ដោយកូនស្រីទី១ មានឈ្មោះហ៊ុន ពេជ្រមុន្នីវលក្ខណ៍ កូនស្រីទី២ឈ្មោះហ៊ុន ពេជ្រមុន្នីលីណា និងកូនប្រុសពៅឈ្មោះ ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធិ។

ចំពោះវត្តមានរបស់កូនប្រុសពៅនៃគ្រួសារថ្នាក់ដឹកនាំរូបនេះ គឺជារឿងមួយដែលនឹកស្មានមិនដល់។ ក្រោយពីទទួលបានកូនស្រីចំនួន ២ នាក់រួចមក និងអស់រយះពេលជាច្រើនឆ្នាំ នៅតែមិនទាន់មានកូនបន្តទៀត សម្តេចធិបតី និងលោកជំទាវ នៅតែមានបំណងប្រាថ្នាចង់បានកូនបន្ថែមទៀត។ ដោយក្តីប្រាថ្នានេះ សម្តេច និងភរិយាបាននាំគ្នាទៅបន់ស្រន់នៅព្រះអង្គចេក ព្រះអង្គចម ព្រមទាំងទីកន្លែងស័ក្តិសិទ្ធិជាច្រើនកន្លែងទៀតផ្សេងទៀត។មិនត្រឹមតែប៉ុណ្ណោះ សម្តេច និងលោកជំទាវ ក៏ធ្លាប់បានទៅរកគ្រូទាយដ៏ល្បីល្បាញចំនួន ២ រូប ដើម្បីឱ្យជួយទស្សន៍ទាយមើលពីនិស្ស័យកូនចៅផងដែរ។ ក្នុងពេលនោះ គ្រូទាយម្នាក់បានទស្សន៍ទាយថា អ្នកទាំងពីរអស់និស្ស័យត្រឹមកូនទី២ នេះហើយ ប៉ុន្តែគ្រូទាយម្នាក់ទៀតបែរជាប្រាប់ថា អាចនឹងមានសង្ឃឹមទទួលបានកូនបន្ថែមទៀត។ ជាលទ្ធផលចុងក្រោយ ក្តីបំណងប្រាថ្នារបស់សម្តេច និងលោកជំទាវ ក៏បានសម្រេចដូចបំណង ដោយទទួលបានកូនប្រុសមួយរូបជាកូនទី៣ ដែលបានប្រសូតនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៧។

ងាកមកមើលសមត្ថភាព និងទេពកោសល្យរបស់កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធិ វិញ គឺពិតជាគួរឱ្យកោតសរសើរយ៉ាងខ្លាំង។ ទោះបីជាបច្ចុប្បន្នកុមារារូបនេះទើបតែមានអាយុ ៩ ឆ្នាំ និងកំពុងសិក្សានៅថ្នាក់ទី ៤ ក៏ដោយ ប៉ុន្តែរូបគេមានទេពកោសល្យខ្ពស់ អាចដោះស្រាយលំហាត់គណិតវិទ្យាកម្រិតមធ្យមបានយ៉ាងស្ទាត់ជំនាញ។


លើសពីនេះទៅទៀត កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធិ ត្រូវបានគេស្គាល់ថាជាកុមារាដែលមានសមត្ថភាពលេចធ្លោផ្នែកគណិតវិទ្យា ហើយតែងតែដណ្តើមបានចំណាត់ថ្នាក់កំពូលៗជាបន្តបន្ទាប់ នៅក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាកម្រិតអន្តរជាតិនានា ដែលនាំមកនូវមោទនភាពយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕

