ក្នុងបរិយាកាសដ៏មហោឡារិកនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ មានបុគ្គលលេចធ្លោជាច្រើនរូបបានចូលរួមបង្ហាញស្នាដៃ និងវត្តមានដ៏មានតម្លៃ។ ក្នុងចំណោមនោះ ព្រះរាជសកម្មភាព និងទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជនជាតិ និងអន្តរជាតិ រហូតធ្វើឱ្យបណ្តាញទូរទស្សន៍អន្តរជាតិដ៏ធំរបស់បារាំង TV5MONDE យកមកចុះផ្សាយយ៉ាងផុសផុល។
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានយាងចូលរួមសម្តែង និងបកស្រាយបទចម្រៀងយ៉ាងពិរោះរណ្តំជាភាសាបារាំង ដែលមានចំណងជើងថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ» បទចម្រៀងថ្មី ជាភាសាបារាំង « Le cambodge royaume des merveilles » ដែលរៀបរាប់អំពី សម្រស់ ប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិ និងមោទនភាពរបស់ខ្មែរ នៅក្នុងកម្មវិធីពិធីជប់លៀងផ្លូវការជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០។

កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល ព្រមទាំងថ្វាយការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូជាន់ខ្ពស់ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក រួមទាំងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ផងដែរ។ តាមរយៈព្រះសមត្ថភាពដ៏ខ្ពស់ក្នុងការប្រើប្រាស់ភាសាបារាំងយ៉ាងស្ទាត់ជំនាញ គួបផ្សំជាមួយទឹកដមសំនៀងដ៏ពិរោះរណ្តំ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានក្លាយជាកម្លាំងចលករ និងជាអ្នកតំណាងយុវជនកម្ពុជាដ៏លេចធ្លោ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងភាសាបារាំងទៅកាន់ឆាកអន្តរជាតិ។

ក្រៅពីការសម្តែងសិល្បៈដ៏គួរឱ្យស្ញប់ស្ញែងហើយនោះ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ក៏បានជួបសម្តែងការគួរសម និងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាលជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកជំទាវ Brigitte Macron ផងដែរ ដែលរូបភាពទាំងនេះបានបង្កើតជាក្តីមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនខ្មែរគ្រប់រូប៕

