ពីនំប៉័ងបាហ្គេត កាហ្វេទឹកដោះគោទឹកកក រហូតដល់ខគោ និងឡុកឡាក់… តើនរណាខ្លះដឹងថា ម្ហូបអាហារដែលប្រជាជនខ្មែរនិយមទទួលទានស្ទើររាល់ថ្ងៃមួយចំនួន មានប្រវត្តិពាក់ព័ន្ធនឹងឥទ្ធិពលម្ហូបបារាំងតាំងពីជាងមួយសតវត្សរ៍មុន?ខណៈដែលកម្ពុជាកំពុងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ «ហ្វ្រង់កូហ្វូនី ២០២៦» ដែលជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសប្រើប្រាស់ភាសាបារាំង ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ល្អមួយក្នុងការរំលឹកឡើងវិញនូវចំណងប្រវត្តិសាស្ត្រ វប្បធម៌ និងឥទ្ធិពលនៃរបៀបរស់នៅបារាំងដែលបានបន្សល់ទុកក្នុងសង្គមខ្មែរ។ថ្ងៃនេះ «មង្គលសិរី» នឹងនាំអារម្មណ៏លោកអ្នកត្រឡប់ថយក្រោយ មកដឹងពីមុខម្ហូបដែលកម្ពុជាយើងទទួលឥទ្ធិពលពីបារាំង ។

ក្នុងចំណោមមរតកវប្បធម៌ជាច្រើន ម្ហូបអាហារគឺជាចំណែកមួយដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌បានយ៉ាងច្បាស់។ ជាក់ស្តែង រសជាតិ និងវិធីចម្អិនម្ហូបបារាំងមួយចំនួនបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ហើយបានបន្តវិវត្តតាមរយៈការច្នៃប្រឌិត និងការសម្របខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។ ម្ហូប និងគ្រឿងផ្សំដែលមានឥទ្ធិពលពីបារាំងទាំងនេះ មិនបានរក្សាទម្រង់ដើមទាំងស្រុងឡើយ ប៉ុន្តែត្រូវបានកែច្នៃបញ្ចូលជាមួយរសជាតិខ្មែរ រហូតក្លាយជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ ។ទាំងនេះ គឺជាម្ហូបអាហារ នំ និងភេសជ្ជៈមួយចំនួនដែលបង្ហាញពីឥទ្ធិពលនៃវប្បធម៌ម្ហូបអាហារបារាំងនៅលើទឹកដីកម្ពុជា។

១. នំប៉័ងសាច់ នំប៉័ងបាហ្គេត គឺជាអាហារមួយដែលប្រជាជនខ្មែរភាគច្រើនស្គាល់ច្បាស់។ នំប៉័ងសំបកក្រៅស្រួយ ខាងក្នុងទន់នេះ ត្រូវបានយកមកកែច្នៃជានំប៉័ងសាច់ ដោយដាក់ប៉ាតេ សាច់ក្រក សាច់ហាំ ជ្រក់ល្ហុង ត្រសក់ និងទឹកជ្រលក់តាមបែបខ្មែរ។មិនត្រឹមតែប៉ុណ្ណោះ នំគេនិយមយកទៅជ្រលក់ជាមួយសម្លខគោ និងសម្លការីខ្មែរ ដែលបង្ហាញពីការបញ្ចូលគ្នារវាងនំប៉័ងបែបបារាំង និងម្ហូបមានទឹកសម្លតាមបែបខ្មែរ។

២. ប៉ាតេ សាច់ក្រក និងសាច់ហាំ ប៉ាតេ ដែលជាផលិតផលសាច់កិនលាយគ្រឿងទេសតាមបែបបារាំង បានក្លាយជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការធ្វើនំប៉័ងសាច់នៅកម្ពុជា។ ជាមួយនឹងសាច់ក្រក សាច់ប៉ាតេក្រហម និងសាច់ហាំ គ្រឿងផ្សំទាំងនេះបានបន្ថែមរសជាតិ និងក្លិនឈ្ងុយដល់នំប៉័ង ដែលធ្វើឱ្យអាហារសាមញ្ញមួយនេះកាន់តែមានភាពទាក់ទាញ។

៣. នំក្រូសង់ និងនំផ្អែមបែបបារាំង ក្រៅពីនំប៉័ងសាច់ វប្បធម៌ធ្វើនំរបស់បារាំងក៏បានជះឥទ្ធិពលដល់ទម្លាប់ទទួលទានអាហារសម្រន់របស់ប្រជាជនខ្មែរផងដែរ។ ក្នុងនោះ នំក្រូសង់ ដែលមានរាងដូចចំណិតព្រះចន្ទ ស្រទាប់នំស្រួយៗ និងក្លិនប៊ឺឈ្ងុយ គឺជានំមួយប្រភេទដែលទទួលបានការពេញនិយមនៅតាមហាងនំប៉័ង និងហាងកាហ្វេ។

៤. ឡុកឡាក់ និងខគោ និយាយដល់ម្ហូបដែលបង្ហាញពីការផ្សារភ្ជាប់រវាងឥទ្ធិពលបារាំង និងរសជាតិខ្មែរ ឡុកឡាក់ និងខគោ គឺជាមុខម្ហូបដែលគួរឱ្យចាប់អារម្មណ៍។ឡុកឡាក់ ជាម្ហូបដែលប្រើសាច់គោហាន់ជាដុំៗ យកទៅឆាជាមួយគ្រឿងផ្សំ និងប៊ឺ ឬប្រេង រួចដាក់ជាមួយបន្លែ និងដំឡូងបារាំងបំពងតាមរបៀបផ្សេងៗ។

មិនត្រឹមតែម្ហូបអាហារប៉ុណ្ណោះទេ សូម្បីតែបន្លែ និងគ្រឿងផ្សំមួយចំនួនដែលប្រើប្រាស់ក្នុងផ្ទះបាយខ្មែរ ក៏មានទំនាក់ទំនងជាមួយឥទ្ធិពលវប្បធម៌បារាំងផងដែរ។គ្រឿងផ្សំដូចជា ការ៉ុត ដំឡូងបារាំង សាឡាដ ប៊ឺ ឈីស និងម៉ាយ៉ូណេស បានក្លាយជាគ្រឿងផ្សំដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងម្ហូបអាហារសម័យបច្ចុប្បន្ន។ ពាក្យហៅគ្រឿងផ្សំមួយចំនួនក៏មានទំនាក់ទំនងនឹងការខ្ចីពាក្យពីភាសាបរទេស រួមទាំងភាសាបារាំងផងដែរ ដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌តាមរយៈភាសា និងរបៀបរស់នៅ៕

