ឱ្យសមជាកូនក្រមុំខ្មែរ!ហេតុអ្វីកូនក្រមុំសម័យថ្មីគួរងាកមកសៀតផ្កាស្រស់ខ្មែរក្នុងថ្ងៃមង្គល?

នៅក្នុងពិធីមង្គលការប្រពៃណីខ្មែរ ភាពប្រណីត និងភាពថ្លៃថ្នូររបស់កូនក្រមុំខ្មែរយើង មិនត្រឹមតែស្តែងចេញតាមរយៈការគ្រងសម្លៀកបំពាក់ហូលផាមួង ឬគ្រឿងអលង្ការភ្លឺផ្លេកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំលេចឡើងយ៉ាងស្រស់ស្អាត និងមានមន្តស្នេហ៍តាមរយៈ « ការសៀតផ្កាស្រស់លើសក់ »ដើម្បីឱ្យមើលទៅកាន់តែទាក់ទាញ និងស្របទៅតាមមង្គលការខ្មែរ។ ការសៀតផ្កាខ្មែរលើសក់របស់កូនក្រមុំ គឺជាសិល្បៈលម្អដ៏វិចិត្របែបបុរាណមួយ ដែលទាមទារនូវភាពផ្ចិតផ្ចង់ សិរីមង្គលដ៏ជ្រាលជ្រៅសម្រាប់ជីវិតគូ។

តាមជំនឿ និងទំនៀមទម្លាប់បុរាណខ្មែរ ការជ្រើសរើសផ្កាស្រស់មកសៀត ឬក្រងលម្អលើសក់កូនក្រមុំ មិនមែនធ្វើឡើងត្រឹមតែដើម្បីភាពស្រស់ស្អាតខាងក្រៅនោះទេ ប៉ុន្តែផ្កានីមួយៗសុទ្ធសឹងតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយផ្អែកលើក្លិនក្រអូបប្រហើរ និងអត្ថន័យមង្គលនៃពិធីផងដែរ ដើម្បីឱ្យមើលទៅថ្លៃថ្លូរនិងសាកសមសម្រាប់កម្មវិធីមង្គល។សម្រាប់ផ្កាដែលខ្មែរយើងនិយមដោតលើសក់ រួមមាន ផ្កាម្លិះរួត ផ្កាយីហ៊ុប ផ្ការំដួល ផ្កាក្រវ៉ាន់ ផ្កាចាំប៉ី ផ្កាចំប៉ា និងផ្កាមួយចំនួនទៀតផងដែរ ដែលមិនបានរៀបរាប់ឈ្មោះអស់។ សម្រាប់ផ្កាទាំងអស់នេះ តំណាងឱ្យភាពបរិសុទ្ធ សេចក្តីស្រឡាញ់ស្មោះស្ម័គ្រ និងភាពស្អាតស្អំក្នុងចិត្ត និងកាយ តំណាងឱ្យ អត្តសញ្ញាណជាតិ និងមន្តស្នេហ៍ទាក់ទាញស្រទន់បែបនារីខ្មែរ ហើយថែមទាំងតំណាងឱ្យភាពរីកចម្រើន សេចក្តីសុខក្សេមក្សាន្ត និងភាពស្រស់បំព្រងនៃជីវិតអាពាហ៍ពិពាហ៍ទៀតផង។ការរួមផ្សំគ្នានៃផ្កាប្រពៃណីទាំងនេះ មិនត្រឹមតែផ្តល់នូវក្លិនក្រអូបស្រទន់ជាប់បានយូរពេញមួយថ្ងៃមង្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃក្តីស្រឡាញ់ដ៏រឹងមាំ ភាពស្មោះត្រង់ និងសិរីសួស្តីសម្រាប់គ្រួសារថ្មីដែលទើបនឹងចាប់ផ្តើមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសម័យកាលបច្ចុប្បន្ន គេសង្កេតឃើញថា ការដេញតាមនិន្នាការតុបតែងខ្លួនសម័យទំនើប បានធ្វើឱ្យកូនក្រមុំមួយចំនួនធំទោរទន់ទៅរកការប្រើប្រាស់ផ្ការៀបចំក្លែងក្លាយ ឬផ្កានាំចូលពីបរទេស ដែលកាត់បន្ថយវត្តមានផ្កាស្រស់ប្រពៃណីខ្មែរនៅលើកម្រងសក់។ ការបាត់បង់រូបភាពផ្កាខ្មែរនៅលើសក់កូនក្រមុំក្នុងពិធីមង្គលការ ធ្វើឱ្យភាពលេចធ្លោនៃអត្តសញ្ញាណវប្បធម៌ដើមហាក់មានការ ថយចុះប្រជាប្រិយភាពបន្តិចម្តងៗ។

ដូចនេះចំពោះកូនកំលោះកូនក្រមុំ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ និងថែរក្សាកេរដំណែលដ៏មានតម្លៃនេះឱ្យនៅគង់វង្សរហូតតទៅ គប្បីពិចារណារំលេចនូវផ្កាស្រស់ខ្មែរនៅលើសៀតផ្កា ឬបួងសក់ក្នុងថ្ងៃសិរីមង្គលរបស់ខ្លួន ដើម្បីបង្ហាញពីមន្តស្នេហ៍នារីខ្មែរពិតៗ។ចំពោះភ្នួងគប្បីបង្កើនការច្នៃប្រឌិតក្នុងការរៀបចំក្រងផ្កាខ្មែរឱ្យមានរូបរាងកាន់តែទាក់ទាញ ស្រស់ស្អាត និងស៊ីសង្វាក់គ្នានឹងសម្លៀកបំពាក់បុរាណគ្រប់ឱ្យបានគ្រប់ពិធី។

ការរួមគ្នារំលេចផ្កាខ្មែរក្នុងថ្ងៃអាពាហ៍ពិពាហ៍ មិនត្រឹមតែធ្វើឱ្យថ្ងៃពិសេសរបស់គូស្វាមីភរិយាថ្មីពេញលេញដោយស្នាមញញឹម និងក្លិនក្រអូបធម្មជាតិនោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងបញ្ជូនបន្តនូវមរតកវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ដូនតាខ្មែរឱ្យស្ថិតស្ថេរចីរកាលតទៅជំនាន់ក្រោយៗទៀត៕

Discover

Sponsor

spot_imgspot_img

Latest

ផ្ទះទី២នៅតែកក់ក្តៅ! វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ

វត្តមាន Angelina Jolie នៅភ្នំពេញលើកនេះ ពោរពេញដោយភាពសាមញ្ញ និងការឱ្យតម្លៃវប្បធម៌ខ្មែរ

រូបថតប្រវត្តិសាស្ត្រ៖ ស្ត្រីខ្មែរក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

រូបថតប្រវត្តិសាស្ត្ររបស់ស្រ្តីខ្មែរ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

បើកបង្ហាញអាថ៌កំបាំងសុភមង្គល និងរឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់ លោកស្រី ឧកញ៉ា សុភា បុត្រឈរ និងស្វាមីមហាសេដ្ឋីអាល្លឺម៉ង់

រឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់ លោកស្រី ឧកញ៉ា សុភា បុត្រឈរ និងស្វាមីមហាសេដ្ឋីអាល្លឺម៉ង់ ពីអ្នកមិនដែលស្គាល់គ្នា មកជាគូស្វាមីដ៏ផ្អែមល្ហែម និងមានអ្វីៗគ្រប់យ៉ាង។