ក្រៅពីភាពជោគជ័យដ៏លេចធ្លោ និងឥទ្ធិពលយ៉ាងរឹងមាំនៅក្នុងពិភពជំនួញពហុវិស័យនៅកម្ពុជា គ្រួសារស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប ពិសេសគឺ អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
អ្វីដែលកាន់តែពិសេសនោះ គឺពិធីរៀបអាពាហ៍ពិពាហ៍ និងការភ្ជាប់ពាក្យរបស់ថ្នាក់ដឹកនាំ Next Gen របស់លោក ដែលមិនត្រឹមតែជាព្រឹត្តិការណ៍សិរីមង្គលដ៏ធំដុំក្នុងគ្រួសារអភិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ចំណងមេត្រីភាពដ៏អធិកអធមរវាងគ្រួសារពាណិជ្ជករជាន់ខ្ពស់ និងគ្រួសារថ្នាក់ នៅក្នុងប្រទេសផងដែរ។
១. កញ្ញា អ៊ឹង វត្តី ហៅ(Marshell)
បានភ្ជាប់ពាក្យរួចជាមួយ លោក ស៊ី ហ៊ួតកុក ដែលត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធានក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត។ អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យសិរីមង្គល កាលពី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ហើយថ្មីៗនេះ អ្នកទាំងពីរ បានថតរូបថត Pre-wedding ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរយ៉ាងប្រណីត ដែលបង្ហាញពីការចូលរួមអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណី។

២. លោក អ៊ឹង ឬទ្ធី
ជាកូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ដែលបច្ចុប្បន្នកំពុងកាន់តួនាទីយ៉ាងសំខាន់ជា អគ្គនាយកបន្តវេន (CEO) នៃធនាគារ ជីប ម៉ុង ។ ដោយបានរៀបអាពាហ៍ពិពាហ៍រួចជាមួយ កញ្ញា ផន សុផានីសា ដែលត្រូវជាចៅស្រីបង្កើតរបស់ ឯកឧត្តម ជា សុផារ៉ា (អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ការរៀបចំពិធីមង្គលការយ៉ាងអធិកអធម និងកក់ក្តៅនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករល្បីៗជាច្រើនរូប៕


