កម្ពុជាត្រៀម «ស្បៃខ្មែរ» ជាអំណោយអនុស្សាវរីយ៍ដ៏ប្រណិត ទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

តើអ្នកដឹងទេថា ហេតុអ្វីបានជា «ស្បៃខ្មែរ» ក្លាយជាអំណោយពិសេសបំផុតដែលស្ត្រីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានចូលរួមឈ្វេងយល់ពីស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ឌិនលើស្បៃដោយផ្ទាល់ដៃ ដើម្បីជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាអំឡុងខែវិច្ឆិកានេះ?

លោកស្រី ពេជ ចន្ទមុន្នី  ស្វែងយល់ដោយផ្ទាល់​ដៃ​លើបច្ចេកទេសប៉ាក់ឌិនលើស្បៃខ្មែរ

ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (The 20th Francophonie Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ កម្ពុជាមិនត្រឹមតែត្រៀមខ្លួនទទួលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រមាណ ៩០ ប្រទេស រួមទាំងវត្តមានរបស់ប្រធានាធិបតីបារាំង លោក អេម៉នូអែល ម៉ាក្រុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតសម្រាប់ជូនដល់គណៈប្រតិភូផងដែរ។

លោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ឌិនលើស្បៃខ្មែរដោយផ្ទាល់ដៃ

ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិដ៏ផូរផង់ លោកស្រី ពេជ ចន្ទមុន្នី ភរិយាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសិក្សាស្វែងយល់ដោយផ្ទាល់​ដៃ​លើបច្ចេកទេសប៉ាក់ឌិនលើស្បៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ លោកស្រីបានបញ្ជាក់ថា ស្បៃ គឺជាក្រណាត់ដ៏ពិសិដ្ឋដែលដូនតាខ្មែរបានប្រើប្រាស់តាំងពីសម័យបុរាណ ហើយត្រូវបានរក្សា និងវិវត្តរហូតមកដល់បច្ចុប្បន្ន ក្នុងពិធីបុណ្យប្រពៃណី និងពិធីអាពាហ៍ពិពាហ៍។

ស្បៃខ្មែរដែលលោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ដោយផ្ទាល់ដៃ ជូនគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

បើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្បៃខ្មែរត្រូវបានបែងចែកជា ៧ ប្រភេទសំខាន់ៗរួមមាន៖ស្បៃខ្វៀល ស្បៃឆៀង ស្បៃតាត ស្បៃធំ ស្បៃជីបភ្លី ស្បៃភួយ និងស្បៃលាត។ស្បៃទាំងនេះត្រូវបានត្បាញយ៉ាងប្រណិតបំផុតដោយសរសៃសូត្រ ឬអំបោះមាស លាយឡំជាមួយក្បាច់ផ្កាចន្ទន៍ ដែលមានរចនាបទស្រដៀងនឹងក្បាច់ចម្លាក់តាមប្រាង្គប្រាសាទបុរាណខ្មែរ និងបង្កប់នូវអត្ថន័យជ្រាលជ្រៅនៃពរជ័យ សុភមង្គល ភាពរុងរឿង និងភាពថ្កុំថ្កើន។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលបង្កើតឡើងដំបូងនៅឆ្នាំ១៩៨៦ និងប្រារព្ធធ្វើឡើងរៀងរាល់ ២ឆ្នាំម្តងនេះ គឺជាវេទិកាសកលដ៏សំខាន់សម្រាប់ការពិភាក្សាលើបញ្ហានយោបាយ សេដ្ឋកិច្ច សិទ្ធិមនុស្ស និងវប្បធម៌។

ក្រៅពីកិច្ចប្រជុំកំពូលផ្លូវការ កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អមដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូចជា ភូមិហ្វ្រង់កូហ្វូនី ហ្វ្រង់កូតិច និងវេទិកាធុរកិច្ចកម្ពុជា-បារាំង។ តាមរយៈការជ្រើសរើសយក «ស្បៃខ្មែរ» ជាវត្ថុអនុស្សាវរីយ៍ជូនប្រតិភូ មិនត្រឹមតែជាការលើកស្ទួយតម្លៃសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀតផង។

លោកស្រី ពេជ ចន្ទមុន្នី ប៉ាក់ឌិនលើស្បៃខ្មែរដោយផ្ទាល់ដៃ

ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាលើកដំបូង នៅថ្ងៃទី១៤, ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រមាណ ៩០ ប្រទេសចូលរួម។ នេះជាឱកាសមាសសម្រាប់កម្ពុជាក្នុងការការពង្រឹងកិច្ចសហប្រតិបត្តិការ ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសនិយាយភាសាបារាំង ព្រមទាំងមានការរៀបចំកម្មវិធី «ភូមិហ្វ្រង់កូហ្វូន – Village Francophone» ដោយមានការគាំទ្រពីប្រទេសកាណាដា៕

Discover

Sponsor

spot_imgspot_img

Latest

ហេតុអ្វីបានជាចំណងនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរ មានអត្រានៃការលែងលះតិចជាងបរទេស?

អត្រាលែងលះនៅបណ្តាប្រទេសជាច្រើនកំពុងកើនឡើង អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរនៅតែរក្សាបាននូវភាពរឹងមាំ និងគង់វង្ស។

ពីផ្កាតាមវាលស្រែ និងសួនច្បារ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ

ពីផ្កាតាមវាលស្រែ ក្លាយជាគ្រឿងលម្អសក់ដ៏ប្រណិតរបស់កូនក្រមុំខ្មែរ