នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ! យូណេស្កូនឹងសម្រេចជាផ្លូវការលើការដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

នៅពេលក្រឡេកមើលភាពទន់ភ្លន់ និងប្រណីតភាពនៃ «ស្បៃខ្មែរ» ដែលបង់ពានាយ៉ាងសមសួនលើស្មាស្ត្រីខ្មែរ ឬក្នុងពិធីព្រះថោងតោងស្បៃនាងនាគនៃពិធីមង្គលការប្រពៃណី លោកអ្នកប្រហែលជាមិនទាន់ដឹងឡើយថា ក្រណាត់ដ៏វិចិត្រមួយផ្ទាំងនេះមានប្រវត្តិយូរលង់ជាង ១ ០០០ ឆ្នាំមកហើយ! មិនមែនគ្រាន់តែជាម៉ូដសម្លៀកបំពាក់សម័យថ្មី ប៉ុន្តែ «ស្បៃ» គឺជាដួងព្រលឹងនៃអរិយធម៌ដែលមានភស្តុតាងកត់ត្រាក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩ មកម៉្លេះ ហើយកំពុងត្រៀមខ្លួនបង្អួតសម្រស់យ៉ាងអង់អាចឆ្ពោះទៅកាន់បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ស្បៃខ្មែរ មិនមែនជាសម្លៀកបំពាក់ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ ផ្ទុយទៅវិញ វាមានឫសគល់យ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ។ ភស្តុតាងនៃពាក្យ «ស្បៃ» ត្រូវបានកត់ត្រាទុកនៅក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩ ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈចម្លាក់បុរាណ រឿងព្រេងព្រះថោងតោងស្បៃនាងនាគ ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ រហូតដល់សិល្បៈរបាំព្រះរាជទ្រព្យ។លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា សូម្បីតែពាក្យថា «Sabai» ដែលប្រទេសជិតខាងកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ ក៏ជាពាក្យដែលខ្ចីយកទៅប្រើពីពាក្យខ្មែរដើម «Sbai (ស្បៃ)» ផងដែរ។ នេះជាសក្ខីភាពបង្ហាញពីឥទ្ធិពល និងភាពចំណាស់នៃមរតកវប្បធម៌ខ្មែរដែលត្រូវបានថែរក្សា និងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។នៅក្នុងពិធីមង្គលការប្រពៃណីខ្មែរ ស្បៃគឺជាធាតុផ្សំដ៏សំខាន់ និងមិនអាចខ្វះបានឡើយ ជាពិសេសនៅក្នុងពិធីតោងស្បៃ។ ក្រៅពីតួនាទីក្នុងពិធីការ ស្បៃក៏ជាផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណីស្ត្រីខ្មែរដែលបង្ហាញពីប្រាជ្ញាញាណ សិល្បៈតម្បាញ និងភាពទន់ភ្លន់ថ្លៃថ្នូររបស់ដូនតាខ្មែរ។

បច្ចុប្បន្ន ការយកចិត្តទុកដាក់ចំពោះតម្លៃវប្បធម៌នៃស្បៃកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលកម្ពុជាកំពុងរង់ចាំការសម្រេចជាផ្លូវការពីអង្គការយូណេស្កូ (UNESCO) លើសំណើដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ សំណើនេះបានទទួលការគាំទ្រពីស្ថាប័នវាយតម្លៃរបស់យូណេស្កូរួចហើយ និងគ្រោងពិនិត្យអនុម័តនៅដើមខែធ្នូ ក្នុងកិច្ចប្រជុំគណៈកម្មាធិការយូណេស្កូនៅទីក្រុងស៊ាមិន (Xiamen) ប្រទេសចិន។គួរបញ្ជាក់ថា ការដាក់បញ្ចូលនេះបានក្តោបរួមនូវធាតុផ្សំវប្បធម៌សំខាន់ៗជាច្រើន រួមមាន៖

  • ប្រពៃណីទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍ខ្មែរ
  • ភ្លេងការ និងក្បួនច្បាប់ប្រពៃណីនានា
  • ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ រួមទាំង «ស្បៃខ្មែរ» ផងដែរ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ស្បៃខ្មែរគឺជា «បេតិកភណ្ឌវប្បធម៌រស់» ដែលតំណាងឱ្យអរិយធម៌ អត្តសញ្ញាណ និងមោទនភាពជាតិកម្ពុជា។ លោកបានលើកឡើងថា នៅពេលស្បៃខ្មែរត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិ តាមរយៈជំនួបការទូត ពិព័រណ៍វប្បធម៌ និងព្រឹត្តិការណ៍ធំៗ វាមិនមែនគ្រាន់តែជាការបង្ហាញម៉ូដ ឬសម្រស់ធម្មតានោះទេ ប៉ុន្តែជាការផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងបេតិកភណ្ឌដូនតាទៅកាន់ពិភពលោក។

ការបង្ហាញសម្លៀកបំពាក់ប្រពៃណី រួមទាំងស្បៃ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា បានជួយឱ្យពិភពលោកយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌រស់របស់កម្ពុជា ក្រៅពីប្រាសាទបុរាណ។ ទន្ទឹមនឹងការវិវឌ្ឍនៃម៉ូដសម័យថ្មី ការថែរក្សា និងបន្តប្រតិបត្តិតម្លៃនៃស្បៃខ្មែរ នៅតែជាទំនួលខុសត្រូវដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីរក្សាខ្សែស្រឡាយវប្បធម៌ដ៏ថ្លៃថ្លានេះឱ្យគង់វង្សយូរអង្វែង៕

Discover

Sponsor

spot_imgspot_img

Latest

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង ក្នុងរាត្រីហ្វ្រង់កូហ្វូនី

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក តាមរយៈបទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»ជាភាសាបារាំង

រូបថតប្រវត្តិសាស្ត្រ៖ ស្ត្រីខ្មែរក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨

រូបថតប្រវត្តិសាស្ត្ររបស់ស្រ្តីខ្មែរ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បុរាណ ឆ្នាំ១៩២៨