ក្តីស្រឡាញ់មិនស្គាល់អាយុ! ពាក្យសន្យាដ៏អមតៈរបស់ប្រធានាធិបតីបារាំង ចំពោះអ្នកគ្រូបង្រៀនដែលបានក្លាយជាភរិយាដ៏សំខាន់បំផុតក្នុងជីវិត

គម្លាតអាយុរហូតដល់ទៅ ២៤ ឆ្នាំ ពាក្យសើចចំអកពីមនុស្សជុំវិញខ្លួន និងការជំទាស់យ៉ាងដាច់អហង្ការពីក្រុមគ្រួសារ សុទ្ធតែជាឧបសគ្គដ៏ធំធេងដែលអាចបំបែកគូស្នេហ៍ទូទៅបានយ៉ាងងាយ។ ប៉ុន្តែសម្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ពាក្យសន្យាដ៏មុតមាំដែលលោកបាននិយាយកាលពីវ័យ ១៥ ឆ្នាំ ថា «មិនខ្វល់ថានាងជាអ្វី ខ្ញុំនឹងរៀបការជាមួយនាង» បានក្លាយជាសក្ខីភាពនៃក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រស្នេហារបស់មេដឹកនាំពិភពលោក។

រឿងរ៉ាវស្នេហាដ៏គួរឱ្យចាប់អារម្មណ៍ និងមិនធម្មតានេះ បានចាប់ពន្លកឡើងនៅទីក្រុង Amiens ភាគខាងជើងប្រទេសបារាំង។ នៅពេលនោះ យុវជន Emmanuel Macron ទើបតែមានវ័យ ១៥ ឆ្នាំប៉ុណ្ណោះ និងបានចូលរៀននៅសាលាមួយកន្លែង ដែលមានលោកស្រី(ប្រីហ្កគីតតឹះ )Brigitte Marie-Claude Trogneux វ័យ ៤១ ឆ្នាំ ជាគ្រូបង្រៀនភាសាបារាំង និងឡាតាំងផ្ទាល់របស់លោក។ លោកស្រី Brigitte កើតក្នុងគ្រួសារវណ្ណៈគហបតី និងជាកូនពៅក្នុងចំណោមបងប្អូន ៦ នាក់។ មុនពេលជួប និងមានទំនាក់ទំនងជាមួយលោក Macron លោកស្រីធ្លាប់បានរៀបការជាមួយបុគ្គលិកធនាគារម្នាក់ និងមានកូនរហូតដល់ទៅ ៣ នាក់រួចទៅហើយ។

ទោះបីជាគ្មាននរណាម្នាក់ដឹងច្បាស់ថា ភាពផ្អែមល្ហែមរវាងអ្នកគ្រូ និងកូនសិស្សមួយគូនេះកើតឡើងនៅពេលណាពិតប្រាកដក៏ដោយ ប៉ុន្តែនៅពេលឈានដល់វ័យ ១៥ ឆ្នាំ យុវជន Macron បានសម្រេចចិត្តសារភាពស្នេហ៍ និងសុំលោកស្រីស្រឡាញ់ ទាំងដែលលោកស្រីមិនទាន់លែងលះជាមួយស្វាមីនៅឡើយ។ គ្រានោះហើយ ដែលលោកបានបន្លឺពាក្យសន្យាដ៏អមតៈថា លោកនឹងរៀបការជាមួយលោកស្រីឱ្យទាល់តែបាន។ ដំណឹងនៃទំនាក់ទំនងនេះ បានបង្កជាការភ្ញាក់ផ្អើល និងការប្រឆាំងយ៉ាងខ្លាំង។ ឪពុកម្តាយរបស់លោក Macron មិនបានយល់ព្រមឡើយ ថែមទាំងឪពុករបស់លោកបានស្នើឱ្យលោកស្រី Brigitte ចាកចេញពីកូនប្រុសរបស់ខ្លួន ដោយតម្រូវឱ្យរង់ចាំរហូតដល់លោក Macron ឈានដល់វ័យ ១៨ ឆ្នាំសិន។ សូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់ពួកគេក៏បានទទួលស្គាល់ដែរថា នៅពេលនោះគ្មាននរណាម្នាក់អាចទទួលយកស្នេហាខុសវ័យខ្លាំងបែបនេះបានទេ ហើយអ្នកទាំងពីរថែមទាំងត្រូវទទួលរងនូវការសើចចំអកពីមជ្ឈដ្ឋានខាងក្រៅទៀតផង។

ទីបំផុត ពេលវេលា និងភាពស្មោះត្រង់បានយកឈ្នះលើឧបសគ្គទាំងពួង។ បន្ទាប់ពីលោកស្រី Brigitte បានលែងលះជាមួយស្វាមីទីមួយនៅឆ្នាំ ២០០៦ រយៈពេលមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០០៧ លោក Macron និងលោកស្រី Brigitte ក៏បានដឹកដៃគ្នាចូលរោងការយ៉ាងមានសុភមង្គល ស្របតាមពាក្យសន្យាដែលលោកធ្លាប់បានផ្តល់ឱ្យ។សម្រាប់លោក Macron ភរិយារបស់លោកមិនត្រឹមតែជាគូជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សដ៏សំខាន់បំផុតដែលបានកែប្រែជីវិតរបស់លោក តែងតែជួយជ្រោមជ្រែង ចង្អុលបង្ហាញរាល់កំហុសឆ្គង និងខ្វល់ខ្វាយពីភាពរីកចម្រើនរបស់លោកគ្រប់ជំហាន។ លោកធ្លាប់បានពោលពាក្យយ៉ាងមានអត្ថន័យថា៖ «បើគ្មាននាង ខ្ញុំប្រហែលមិនមែនជាខ្ញុំក្នុងពេលនេះនោះទេ»។

គិតត្រឹមឆ្នាំ ២០២៦ នេះ លោក Emmanuel Macron មានវ័យ ៤៨ ឆ្នាំ (កើតឆ្នាំ ១៩៧៧) និងលោកស្រី Brigitte មានវ័យ ៧២ ឆ្នាំ (កើតឆ្នាំ ១៩៥៣)។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីភរិយា លោក Macron បានបន្តកាន់តំណែងជាប្រធានាធិបតីបារាំងជាថ្មីម្តងទៀត កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ដោយទទួលបានសំឡេងគាំទ្រ ៥៨.៥៥% នៅក្នុងការបោះឆ្នោតជុំទីពីរផ្តាច់ព្រ័ត្រ។ លើសពីនេះ លោកក៏បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល Francophonie លើកទី ២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះផងដែរ៕

Discover

Sponsor

spot_imgspot_img

Latest

ប្រវត្តិនិងអត្ថន័យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ឃ្លា១ម៉ាត់របស់លោក ម៉ាក្រុង ធ្វើឱ្យ វណ្ណដា រំភើបស្ទើរគាំង ថែមទាំងបន្សល់ទុកចម្ងល់រឿងលិខិតអាថ៌កំបាំងមួយច្បាប់!

វណ្ណដា រំភើបស្ទើរគាំង នៅពេលដែលលោក ម៉ាក្រុង បានអញ្ជើញមកចាប់ដៃលោក ហើយសួរដោយភាពរួសរាយរាក់ទាក់ថា៖ «អ្នកជាតារារ៉េប វណ្ណដា មែនទេ?»។