ជីវិតមនុស្សយើងគ្មានអ្វីដែលមិនអាចប្រែប្រួលបានឡើយ ប្រសិនបើមានការតស៊ូ និងគំនិតវិជ្ជមានជានិច្ច។ នេះជារឿងរ៉ាវពិតដ៏គួរឱ្យស្ងើចសរសើរ និងផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំងរបស់ លោកស្រី សុភា បុត្រឈរ (Sophea Bottcher) ឬ លោកស្រី ណូ សុភា អនិកជនខ្មែររស់នៅប្រទេសអាល្លឺម៉ង់ ដែលទើបតែត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ តាមរយៈការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ តើអាថ៌កំបាំងសុភមង្គល ជីវិតគូមួយនេះ វិវត្តយ៉ាងដូចម្ដេច?

លោកស្រី ឧកញ៉ា សុភា បុត្រឈរ កើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ។ មុននឹងឈានដល់ជីវភាពខ្ពង់ខ្ពស់ និងមានស្វាមីជាមហាសេដ្ឋីជនជាតិអាល្លឺម៉ង់ដ៏ស្តុកស្តម្ភម្នាក់ លោកស្រីធ្លាប់បានឆ្លងកាត់នូវជីវិតតស៊ូយ៉ាងលំបាកវេទនា ដោយត្រូវរ៉ាប់រងចិញ្ចឹមកូនរហូតដល់ទៅពីរនាក់តែម្នាក់ឯងពីបាតដៃទទេ។ ក្នុងអំឡុងពេលដ៏លំបាកនោះ គ្មានដើមទុន គ្មានប្រាក់កាក់ លោកស្រីបានខិតខំស្រូបយកចំណេះដឹងដោយការរៀនជំនាញផ្សេងៗដោយខ្លួនឯងតាមរយៈបណ្តាញសង្គម YouTube ដើម្បីជំនះឧបសគ្គក្នុងជីវិត។

ជោគវាសនាបានផ្លាស់ប្ដូរ នៅពេលដែលលោកស្រីបានជួបនឹងលោក Udo Böttcher ដែលជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលរស់នៅក្នុងខេត្តជាមួយគ្នា។ អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជា ការមើលបាល់ និងញ៉ាំអាហារជាមួយគ្នា។ ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ គ្លីនិកកែសម្ផស្សរបស់លោកស្រីត្រូវបិទទ្វារ និងគ្មានការងារធ្វើ លោកស្រីក៏បានសាកសួរលោក Udo Böttcher ក្រែងមានការងារអ្វីអាចជួយបាន។ ដោយសារលោកស្រីជាមនុស្សមានទេពកោសល្យ និងជំនាញចេះធ្វើទាំងម្ហូបខ្មែរ និងអឺរ៉ុបយ៉ាងប៉ិនប្រសប់ លោកស្រីក៏បានទៅធ្វើម្ហូបឱ្យលោក Udo Böttcher និងមិត្តភក្តិរបស់លោកនៅផ្ទះ ដោយទទួលបានកម្រៃសមរម្យ។

ពីចំណុចស្នេហាតាមរយៈចង្ក្រានបាយ និងភាពស្មោះត្រង់ ក្តីស្រឡាញ់របស់អ្នកទាំងពីរក៏បានកើតឡើងបន្តិចម្ដងៗ រហូតសម្រេចចិត្តរួមរស់បង្កើតសុភមង្គលជាប្តីប្រពន្ធរហូតមកដល់បច្ចុប្បន្នដែលមានរយៈពេល៥ឆ្នាំហើយ។ លោកស្រីបានបង្ហើបឱ្យដឹងថា លោកស្រីស្រឡាញ់ស្វាមីខ្លាំងឡើងៗ ហើយស្វាមីរបស់លោកស្រីក៏ស្រលាញ់លោកស្រីដូចគ្នា ដោយសារតែភាពទន់ភ្លន់ សុភាពរាបសា ចិត្តបុណ្យ មិនឆ្មើងឆ្មៃ ព្រមទាំងការចេះយល់ចិត្ត និងស្មោះត្រង់របស់លោកស្រី។

ក្រៅពីជីវិតគ្រួសារដ៏មានសុភមង្គល លោកស្រី ឧកញ៉ា សុភា បុត្រឈរ និងស្វាមី គឺលោក Udo Böttcher តែងតែមានបេះដូងសប្បុរសធម៌ដ៏ទូលំទូលាយ ដោយបានបរិច្ចាគថវិការាប់លានដុល្លារដើម្បីជួយដល់ប្រទេសកម្ពុជា ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសការជួយជ្រោមជ្រែងដល់ជនក្រីក្រ និងជនរងគ្រោះដោយសារសង្គ្រាម។
រឿងរ៉ាវរបស់លោកស្រី ឧកញ៉ា សុភា បុត្រឈរ គឺជាគំរូដ៏អស្ចារ្យមួយបញ្ជាក់ថា ការតស៊ូដោយមិនបោះបង់ ការគិតវិជ្ជមានជានិច្ច និងការមានសីលធម៌ល្អប្រពៃ អាចនាំមនុស្សម្នាក់ពីចំណុចសូន្យឱ្យឈានដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងជីវិតបានយ៉ាងពិតប្រាកដ៕

