ក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ថ្មីៗនេះ កសិផលធម្មជាតិដ៏មានអត្ថន័យដូចជា «ផ្លែស្ពឺ» ត្រូវបានគេយកមកតុបតែងយ៉ាងប្រណិតលើតុគណៈអធិបតី ក្នុងពិធីលាងសាយភោជន៍ នាយប់ថ្ងៃទី១៥ វិច្ឆិកា។ នេះមិនត្រឹមតែជាមោទកភាពនៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចងចាំដ៏ស្រស់ស្អាតពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១កម្ពុជា ដែលបានកសាងគ្រួសារដ៏មានសុភមង្គលចាប់តាំងពីឆ្នាំ២០០៦ មក និងមានចំណងដៃកូនចំនួន ៣នាក់ (ស្រី ២នាក់ និងប្រុស ១នាក់)។


យោងតាមសៀវភៅជីវប្រវត្តិ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» (ទំព័រទី ៧៣) បានបង្ហាញថា រឿងរ៉ាវស្នេហាដ៏ស្រស់ស្អាតនេះ បានកើតឡើងតាំងពីសម័យកាលដែលលោកជំទាវនៅជាយុវតីវ័យក្មេង។ នៅថ្ងៃមួយ លោកជំទាវ ពេជ ចន្ទមុន្នី និងមិត្តភក្តិ បានទៅរង់ចាំរៀនគណិតវិទ្យាបន្ថែមនៅផ្ទះលោកគ្រូ ចេង យា ដែលមានទីតាំងស្ថិតក្នុងបរិវេណសាលា។

ខណៈពេលដែលលោកជំទាវកំពុងអង្គុយលើកៅអីថ្មក្រោមដើមស្ពឺ ស្រាប់តែមានស្បែកជើងម្ខាងធ្លាក់ពីលើដើមស្ពឺចំខ្លួន។ នៅពេលងើយមើលទៅលើ ក៏បានឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឡើងបេះផ្លែស្ពឺ។ ពេលនោះ ក្នុងនាមជាសិស្សប្អូន លោកជំទាវមានអារម្មណ៍ក្រហាយបន្តិចក្នុងចិត្ត ដោយគិតក្នុងចិត្តថា៖ «ពូនេះទៀតហើយ! រឿងចាប់ព្រីយ៉ុងមិនទាន់ភ្លេចផង ឥឡូវពូនេះទៀត!»។ដើម្បីជាការសូមទោស សម្តេចធិបតី ក៏បានចុះពីលើដើមឈើមកក្រោម រួចហុចផ្លែស្ពឺមួយឱ្យ ហើយពោលពាក្យសម្តីដ៏ខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ «ហូបស្ពឺអត់?»។

ឆ្លងកាត់ការកសាងគ្រួសារដ៏កក់ក្តៅជាងពីរទសវត្សរ៍មកនេះ ភាពជាគូស្នេហ៍ដ៏ផ្អែមល្ហែមរវាងសម្តេចធិបតី និងលោកជំទាវ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់។ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបង្ហាញនូវភាពស្មោះស្ម័គ្រ យកចិត្តទុកដាក់ និងផ្តល់តម្លៃយ៉ាងខ្លាំងដល់ភរិយា។មិនថាក្នុងបេសកកម្មផ្លូវការជាតិ ឬអន្តរជាតិណាទេ សម្តេចតែងតែនាំយកលោកជំទាវទៅតាមជានិច្ច ដើម្បីបង្ហាញពីកិត្តិយស ការលើកមុខលើកមាត់ និងភាពជាដៃគូជីវិតដ៏រឹងមាំ ដែលធ្វើឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់ និងកត់សម្គាល់ឃើញថា ភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់នេះ គឺពិតជាមានភាពលេចធ្លោមិនចាញ់មេដឹកនាំលំដាប់អន្តរជាតិធំៗ ដូចជាលោក អ៊ីម៉ានុអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នោះឡើយ។

ការយក «ផ្លែស្ពឺ» មកច្នៃប្រឌិត និងរៀបចំយ៉ាងប្រណីតលើតុគណៈអធិបតី ក្នុងពិធីលាងសាយភោជន៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ រឿងរ៉ាវស្នេហាប្រវត្តិសាស្ត្រ ដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា។ វាមិនត្រឹមតែជាការបង្ហាញពីសិល្បៈនៃការតុបតែងកសិផលធម្មជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាបានតម្កល់ទុកនូវអត្ថន័យនៃសេចក្តីស្រឡាញ់ ភាពស្មោះស្ម័គ្រ និងមោទកភាពជាតិ ដែលត្រូវបាននាំយកទៅបង្ហាញជាសាកលនៅលើឆាកអន្តរជាតិយ៉ាងស្រស់ស្អាតបំផុត៕

