រលកនៃក្តីសុខ និងដំណឹងល្អកំពុងតែបោកបក់ខ្លាំងនៅក្នុងរង្វង់សិល្បៈ និងពិភពអ្នកផលិតមាតិកាឌីជីថល (Content Creator) នៅក្នុងប្រទេសកម្ពុជា! អារម្មណ៍រំភើប និងស្នាមញញឹមបានស្តែងឡើងយ៉ាងច្បាស់នៅលើបណ្តាញសង្គម ខណៈដែលបុគ្គលដែលមានឥទ្ធិពល ឬយើងឧស្សាហ៍ហៅថា Influencer ល្បីៗរហូតដល់ទៅ ៣ គូ កំពុងដើរដល់ផ្លូវមួយដែលជិវិតគូត្រូវការ ដោយបានរៀបចំ (Propose) សុំដៃគូរៀបការដ៏រ៉ូមែនទិក និងត្រៀមរៀបចំថ្ងៃពិសេសចូលរោងជ័យបង្កើតគ្រួសារតូចដ៏កក់ក្តៅរៀងៗខ្លួន។
តោះ! មកតាមដានរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែម នៃក្តីស្រឡាញ់របស់គូស្នេហ៍ល្បីៗទាំង ៣ គូនេះទាំងអស់គ្នា៖
១. លោក សុខ សម្បត្តិ និងកញ្ញា ច័ន្ទ បរមី
លោក សុខ សម្បត្តិ ជាអ្នកផលិតមាតិកា និងជាតារាចម្រៀង និង អ្នកនិពន្ធ ជាពិសេសទាក់ទងនឹងការផលិតបទភ្លេងថ្មីៗ មានប្រជាប្រិយភាពខ្លាំង ក្រៅពីការងារសិល្បៈ រឿងរ៉ាវស្នេហារបស់បុរសសង្ហាធ្មេញច្រពើសរូបនេះ និងគូស្នេហ៍រូបស្រស់ កញ្ញា ច័ន្ទ បរមី បន្ទាប់ពីសាងស្នេហ៍ និងមើលចិត្តគ្នាយ៉ាងផ្អែមល្ហែមរហូតក្លាយជាគូដណ្តឹងនិងគ្នាជាង ២ ឆ្នាំ មកនេះ ពេលនេះអ្នកទាំងពីរបានសម្រេចក្តីស្រមៃដ៏ធំមួយរួមគ្នា គឺការកសាងផ្ទះវីឡាដ៏ប្រណីតសម្រាប់អនាគតគ្រួសារ។អ្វីដែលរឹតតែរំភើបជាងនេះទៅទៀត ថ្មីៗនេះ លោក សុខ សម្បត្តិ បានរៀបចំពិធីសុំគូដណ្តឹងរៀបការយ៉ាងរ៉ូមែនទិកនៅឯមាត់សមុទ្រយ៉ាងមានក្តីសុខ នេះជាភស្តុតាងបញ្ជាក់ថា ស្នេហារយៈពេល ៥ ឆ្នាំរបស់អ្នកទាំងពីរពិតជាមានផ្លែផ្កា និងកំពុងរង់ចាំតែថ្ងៃរៀបការមកដល់តែប៉ុណ្ណោះ។

២. គូស្នេហ៍អ្នកផលិតមាតិកា Taro ដែលមាន ទំព័រហ្វេសប៊ុក “Jomnot Explore
បន្ទាប់ពីគូស្នេហ៍តារាចម្រៀង ងាកមកមើលគូស្នេហ៍អ្នកបង្កើតមាតិកាទេសចរណ៍ដ៏ពេញនិយមនៃទំព័រ “Jomnot Explore – ចំណត” ដែលប្រិយមិត្តស្គាល់ថាជាកញ្ញា Taro (តារ៉ូ) វិញម្តង។ កញ្ញា និងគូស្នេហ៍ក៏បានធ្វើឱ្យអ្នកគាំទ្រលួចច្រណែននឹងភាពផ្អែមល្ហែមមិនចាញ់គ្នានោះដែរ។នៅក្នុងបរិយាកាសដ៏រ៉ូមែនទិកនាដែនកោះរ៉ុង កញ្ញា Taro ត្រូវបានមិត្តប្រុសលុតជង្គង់សុំមិត្តរៀបការយ៉ាងស្ងប់ស្ងាត់តែពេញដោយអត្ថន័យ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះអ្នកទាំងពីរបានដឹកដៃគ្នាទៅរៀបចំថតរូប Pre-wedding យ៉ាងប្រណីតនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាបផងដែរ។ សម្រាប់គូស្នេហ៍អ្នកទេសចររូបនេះ ក៏កំពុងត្រៀមខ្លួនរៀបចំពិធីមង្គលការចូលរោងជ័យនៅពេលឆាប់ៗខាងមុខនេះដូចគ្នា។

៣. លោក នរក្សប៊ីន
ចំណែកឯអ្នកផលិតមាតិកាបែបកំប្លែងៗដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន គឺ លោក នរក្សប៊ីន ក៏មិនទុកឱ្យស្នេហារបស់ខ្លួននៅស្ងៀមដែរ។ លោកបានរៀបចំពិធីសុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិកបំផុត ដោយបានជ្រើសរើសយកទីតាំងដ៏មានបរិយាកាសល្អនៅតំបន់អរិយក្សត្រ ធ្វើជាទីតាំងប្រវត្តិសាស្ត្រនៃស្នេហារបស់លោក។នៅក្នុងថ្ងៃពិសេសនោះ លោក នរក្សប៊ីន បានបង្ហាញពីក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការប្តេជ្ញាចិត្តចំពោះមិត្តស្រី ដោយទទួលបានការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន។

ការដើរដល់ចំណុចនៃស្នេហារបស់គូស្នេហ៍ល្បីៗទាំង ៣ គូនេះ បានបង្កើតនូវបរិយាកាសរីករាយ និងក្តីសង្ឃឹមយ៉ាងខ្លាំងនៅក្នុងពិភពអ្នកផលិតមាតិកាឌីជីថល ។ អ្នកគាំទ្រទាំងអស់កំពុងតែទន្ទឹងរង់ចាំមើលរូបភាពមង្គលការដ៏ប្រណីត និងចូលរួមជូនពរឱ្យស្នេហារបស់ពួកគេកាន់តែរឹងមាំ និងមានភ័ព្វសំណាងល្អនៅក្នុងជីវិតអាពាហ៍ពិពាហ៍នាពេលខាងមុខ៕

