ការផ្លាស់ប្តូរផ្នត់គំនិតដ៏គួរឱ្យកត់សម្គាល់មួយកំពុងតែកើតឡើងនៅក្នុងសង្គមកម្ពុជា ដោយកូនកំលោះកូនក្រមុំជំនាន់ថ្មីជាច្រើនគូ បាននិងកំពុងប្រែក្លាយពិធីភ្ជាប់ពាក្យ និងពិធីមង្គលការរបស់ខ្លួន ឱ្យទៅជាទិដ្ឋភាពដែលពោរពេញដោយអត្តសញ្ញាណជាតិ ភាពសាមញ្ញ ដែលជួយលើកវប្បធម៏ជាតិឱ្យរស់ឡើងវិញ។ រលកនៃទំនោរថ្មីនេះ មិនត្រឹមតែបំផុសនូវមនសិការស្រឡាញ់វប្បធម៌ដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានអ្នកជំនាញសេដ្ឋកិច្ចទាញសញ្ញាបង្ហាញថា ជាចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងកាត់បន្ថយការលេចធ្លាយថវិកាទៅក្រៅប្រទេសទៀតផង។

ថ្មីៗនេះ រឿងរ៉ាវនៃពិធីភ្ជាប់ពាក្យមួយគូនៅខេត្តកំពង់ឆ្នាំង បានផ្ទុះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅលើបណ្តាញសង្គម។ ដោយកូនកំលោះកូនក្រមុំបានសម្រេចចិត្តរៀបចំពិធីនៅកណ្តាលបរិវេណវាលស្រែខៀវស្រងាត់ អមដោយទិដ្ឋភាពដើមឈើ និងជួរភ្នំយ៉ាងត្រកាល។ មិនត្រឹមតែគូស្នេហ៍នៅខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ គូស្នេហ៍ជាច្រើនទៀតក៏បានបំផុសគំនិតច្នៃប្រឌិតបែបនេះដែរ។ ជាក់ស្តែង គូស្នេហ៍លោក សេរីឧត្តម និងសូវុនដារីតា បានរៀបចំពិធី «សុំរៀបការ» (Proposal) ដោយយកវាលស្រែធ្វើជារោងពិធី អមដោយការរៀបចំប្លង់ថតរូបបែបខ្មែរទាំងអស់ ដែលមើលទៅពោរពេញដោយភាពស្រស់ស្អាត មិនចាញ់គ្នានោះឡើយ។

ដោយមើលឃើញពីការផ្លាស់ប្តូរឥរិយាបថប្រកបដោយវិជ្ជមាននេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្លាស់ប្តូរនេះគឺជា «ការផ្លាស់ប្តូរផ្នត់គំនិតដ៏ប្រពៃ និងជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរ» ដូច្នេះហើយ លោកលើកទឹកចិត្តអ្នកដែលរៀបអាពាហ៍ពិពាហ៍ ប្រើប្រាស់ផលិតផលក្នុងស្រុក សម្រាប់តុបតែងពិធីមង្គលការ ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិតបានបន្តថា ការជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក សម្រាប់តុបតែងពិធីមង្គលការ ក៏ជាការបណ្ដុះស្មារតីឱ្យយុវជន ដែលទើបតែរៀបការថ្មីថ្មោង ចេះស្រឡាញ់ធម្មជាតិ និងអ្វីដែលខ្មែរយើងមាន។

អ្វីដែលសំខាន់ជាងនេះទៅទៀត ការប្រើប្រាស់ផលិតផលក្នុងស្រុកជួយកាត់បន្ថយការខ្ជះខ្ជាយថវិកាចេញទៅក្រៅប្រទេស ហើយអនុញ្ញាតឱ្យថវិកានេះវិលជុំនៅក្នុងប្រទេសវិញ៕

